កិច្ចប្រជុំពិភាក្សាអំពីការបង្កើតសួនសុវត្ថិភាពចរាចរណ៍ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា


   ទីស្តីការក្រសួង៖ នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានជួបប្រជុំជាមួយ លោក គឹម បញ្ញា នាយកអង្គការមូនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីការបង្កើតសួនសុវត្ថិភាពចរាចរណ៍ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយកអង្គការបានជម្រាបលោកជំទាវអំពីគម្រោងដែលនឹងទទួលបានពីម្ចាស់ជំនួយមួយចំនួនដូចជា FIA , UN Safety Fund  គ្រោងនឹងជួយដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមមាន៖ ១.) ការបង្កើតសួនសុវត្ថិភាពចរាចរណ៍ ២.) ការបណ្តុះបណ្តាលពីបច្ចេកទេសនៃការបើកបរម៉ូតូដល់កម្មករ កម្មការិនីរោងចក្រចំនួន ៣០រោងចក្រ និងការបណ្តុះបណ្តាលតំណាងរោចក្រពីការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ ដែលស្របទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និង ៣.) ការគាំទ្រដំណើរទស្សនកិច្ចឈ្វេងយល់ពីការបង្កើតតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន របស់មន្ត្រីរាជរដ្ឋាភិបាល នៅប្រទេសវៀតណាម និងការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ក្រោយពីចុះទស្សនៈកិច្ច និង៤.ការបង្កើតក្រុមការងារបច្ចេកទេសលើការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

លោកជំទាវរដ្ឋលេខាធិការបានបង្ហាញនូវការពេញចិត្ត និងការគាំទ្រនូវគម្រោងដែលបានលើកឡើងខាងលើ ដែលពិតជាបានចូលរួមក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងត្រៀមផ្តល់កិច្ចសហការជានិច្ច ដើម្បីចូលរួមចំណែកក្នុងការផ្តល់ចំណេះដឹងពីច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា៕










Post a Comment

Previous Post Next Post