ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ គោលនយោបាយដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែចែកដី និងផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ប៉ុណ្ណោះ តែជាការលើកកម្ពស់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា


   ━━━━━✥◈✥━━━━━

   បាត់ដំបង៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែចែកដី និងផ្តល់ បណ្ណកម្មសិទ្ធស្របច្បាប់ប៉ុណ្ណោះ តែជាការលើកកម្ពស់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសតំបន់វិនិច្ឆ័យសម្រាប់សម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED |||) នៅឃុំព្រះផុស និងឃុំឃ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនត្រឹមតែដើម្បីចែកដីប៉ុណ្ណោះទេ ប៉ុន្តែដើម្បីកែប្រែជីវិតរបស់បងប្អូនឱ្យកាន់តែមានភាពស្រស់បំព្រង លើកស្ទួយជីវភាពពួកគាត់តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ដើម្បីដាំដំណាំ ចិញ្ចឹមសត្វ និងគិតគូរលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឱ្យបងប្អូនមានជីវភាពល្អប្រសើរ ។ រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិទី១ ដល់អាណត្តិទី៧ បានប្ដេជ្ញាចិត្តខ្ពស់ដើម្បីបន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីអនុវត្តគោលនយោបាយនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកទទួលបានផលដំបូងគេពីគោលនយោបាយនេះ ហើយអ្នកទទួលផលប្រយោជន៍ជាបន្តបន្ទាប់គឺអាជ្ញាធរដែនដី ពីព្រោះគម្រោងនេះជួយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែប្រសើរឡើង ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមទៀតថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED |||) មិនត្រឹមតែគូសវាស់ក្នុងការផ្តល់ដីជូនប្រជាពលរដ្ឋនោះទេ តែត្រូវយកចិត្តទុកដាក់រួមសហការគ្នាក្នុងការកែល្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានការរីកចម្រើន និងជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ។ ពិសេសជាងនេះទៅទៀតនោះ គឺការរៀបចំបង្កើតសាលារៀនបន្ថែម ដើម្បីជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹងសម្រាប់កុមារ ផ្តល់ជាគំនិតច្នៃប្រឌិតផ្សេងៗដល់ប្រជាពលរដ្ឋលើកកម្ពស់ជីវភាពគ្រួសារ ដើម្បីឱ្យអភិវឌ្ឍក្នុងសហគមន៍ទាំងមូល។

សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣(LASED III) គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលបន្តគាំទ្រសម្បទានដីសង្គមកិច្ចបន្ទាប់ពីគម្រោង (LASED) ដំណាក់កាលទី១ និងទី២ នៅថ្នាក់ឃុំ ជូនគ្រួសារក្រីក្រដែលគ្មានដីសម្រាប់សង់ទីលំនៅ និងបង្កបង្កើនផល ព្រមទាំងជួយគាំទ្រផងដែរដល់សហគមន៍ជនជាតិដើមភាគតិច ។ គម្រោងនេះអនុវត្តដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ស្ថាប័នដឹកនាំការអនុវត្ត) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ស្ថាប័នអនុវត្ត) ក្រោមថវិកាហិរញ្ញប្បទាន ឥណទានធនាគារពិភពលោករយៈពេល៦ឆ្នាំ(២០២០-២០២៦)និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវការទទួលបានសុវត្ថិភាពនៃការកាន់កាប់ដី សេវាកសិកម្ម និងសង្គម និងហេដ្ឋារចនាសម្ព័ន ដែលត្រូវបានជ្រើសរើស សម្រាប់កសិករ និងសហគមន៍ដែលស្ថិតនៅក្នុងទីតាំងគម្រោង ៕






Post a Comment

Previous Post Next Post