ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក.ជ.ភ. លើកទី២ អាណត្តិទី៧ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក.ជ.ភ. និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក.ជ.ភ. ដោយបានផ្តោតលើការងារអាទិភាពធំៗចំនួន ៣ រួមមាន ៖ (១) វឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣០ CITLS (២) វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC និង (៣) វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHLC។
ក្នុងគោលបំណងដើម្បីសម្រេចឱ្យបានជោគជ័យចំពោះការងារអាទិភាពដូចមានរៀបរាប់ខាងលើ ឯកឧត្តមប្រធាន បានស្នើឱ្យសមាសភាពលេខាធិការដ្ឋានក.ជ.ភ. ធ្វើអាទិភាវូបនីយកម្មលើគម្រោងដែលមានក្នុងផែនការមេ ដើម្បីឆាប់បានលេចចេញជារូបរាង។ ដោយឡែកចំពោះគម្រោងដែលកំពុងស្ថិតក្នុងការសិក្សា គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការឱ្យអស់ពីលទ្ធភាពក្នុងការផ្តល់នូវទិន្នន័យព័ត៌មាន ធាតុចូលសំខាន់ៗ និងពិភាក្សាឱ្យបានលម្អិតគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាអាចយកទៅអនុវត្តបានប្រកបដោយសុក្រឹតភាព ក្នុងពេលដ៏ខ្លីខាងមុខ៕