━━━━━✥◈✥━━━━━
ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេស នោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្មជំទាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញចិត្តរាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាង ដូចជា៖ អាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង នៃរដ្ឋបាលខេត្តព្រៃវែង ដែលអនុវត្តផែនការការពារសន្តិសុខបានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យការប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ ដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕
#សសុខា #SarSokha #កម្ពុជា #Cambodia