រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេស ឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិនិត្យសុពលភាព នៃផែនការយុទ្ធសាស្រ្ត ការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ – ២០៣៣ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ផែនការ ១០ឆ្នាំខាងមុខ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តថ្មីស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា CCCSP ឆ្នាំ ២០២៤-២០៣៣ បានបង្កើតឡើងជាមួយចក្ខុវិស័យ នៃការសម្រេចបាននូវអព្យាក្រឹតភាពកាបូន និងភាពធន់នឹងអាកាសធាតុ តាមរយៈការអភិវឌ្ឍដោយចីរភាព និងជាបរិយាបន្ន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ផែនការយុទ្ធសាស្រ្ត មានបេសកកម្មគឺ បង្កើតក្របខ័ណ្ឌជាតិ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន បង្កើនភាពធន់ និងកែលម្អអភិបាលកិច្ចអាកាសធាតុ ដើម្បីធានាសុខុមាលភាពសង្គម បរិស្ថាន និងសេដ្ឋកិច្ច។ បេសកកម្មនេះ រួមបញ្ចូល ការលើកកម្ពស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងធនធានធម្មជាតិដោយនិរន្តរភាព និងការអនុវត្តដោយភាពឆ្លាតវៃតបនឹងលក្ខខណ្ឌអាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានសម្រេចបានវឌ្ឍនភាពដ៏សំខាន់ ក្នុងការអនុវត្ត ក្របខ័ណ្ឌពង្រឹងតម្លាភាពក្រោមកិច្ចព្រមព្រៀងប៉ារីស។ ចំណុចគោលដ៏សំខាន់មួយគឺ ដំណើរការនៃប្រព័ន្ធអង្កេតដាន NDC/LTS4CN ដែលបានណែនាំឱ្យអនុវត្តនៅឆ្នាំ ២០២២។ ហើយកិចពិភាក្សានិងពិនិត្យលើផែនការយុទ្ធសាស្រ្តីថ្មីស្តីពីការប្រែប្រួលអាកាសធាតុ នាពេលនេះ នឹងមានការបង្ហាញលទ្ធផលពីការប្រមូលទិន្នន័យជុំទីបី ដែលជាទិន្នន័យឆ្នាំ ២០២៣។
តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តរបន្ទាប់ កម្ពុជាបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូ នៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹងបទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់យើង។
សូមបញ្ជាក់ថាកម្ពុជាបានដាក់ឱ្យអនុវត្ត «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ដែលផ្តល់ជាមូលដ្ឋានគ្រឹះមួយនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌នៃការរស់នៅ ប្រកបដោយនិរន្តរភាព ក្នុងចំណោមប្រជាពលរដ្ឋយើង» លើសពីនេះ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលអនុម័តរ បានផ្តោតលើសសរស្តម្ភទាំងបី សម្រាប់ប្រទេសជាតិយើង៖ ប្រជាជនកម្ពុជាស្អាត បៃតង និងនិរន្តរភាព ធានាបាននូវការឆ្លើយតបខាងវិស័យបរិស្ថាន ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ យុទ្ធសាស្រ្តនេះមាន គោលដៅចុងក្រោយសម្រេចបាន នូវសេចក្តីប្រាថ្នាដូចមានចែង ក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន និងដែលមានគម្របព្រៃឈើ ៦0 ភាគរយ នៅឆ្នាំ ២០៥០៕