ក្រសួងបរិស្ថានបានរៀបចំ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៤

 


   ━━━━━✥◈✥━━━━━

   សៀមរាប៖ លោក គង់ សៀកលី អគ្គនាយករងចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៤ ដោយមានវត្តមាន លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប  លោក រស់ បណ្តុស ប្រធាននាយកដ្ឋានអប់រំបរិស្ថាន ព្រមទាំងលោកគ្រូ អ្នកគ្រូ តំណាងក្រុមហ៊ុនស្មាត Axiata  ប្អូនៗបេក្ខជន និងប្អូនៗសិស្សានុសិស្ស ជាច្រើនរូបចូលរួម នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា៖មានផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាច្រើនទៀតដែលមានក្នុងផែនទីអភិវឌ្ឍខេត្ត ព្រមទាំងកម្មវិធីនយោបាយរបស់ផ្សេងៗដែលជាទីអាទិភាពរបស់ខេត្ត ព្រមទាំងបន្តកិច្ចសហការល្អជាមួយក្រសួងបរិស្ថានដើម្បីឈានទៅរកបរិស្ថានស្អាត បៃតង និងចីរភាព។ 

មានប្រសាសន៍ក្នុងឳកាសនោះ លោក គង់ សៀកលីអគ្គនាយករងចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានបានលើកឡើងថា៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អ្នកពាក់ព័ន្ធខេត្ត មន្ទីរបរិស្ថាន និងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរផ្សេងៗចំណុះខេត្ត បានធ្វើការយ៉ាងរលូនលើការងារផ្សព្វផ្សាយចំណេះដឹងបរិស្ថានតាមលទ្ធភាព និងគោលដៅរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ព្រមទាំងយុទ្ឋនាការ «ពន្លកបៃតង» និងវេទិកាកេសកូលជាតិលើកទី៤ ដែលដាក់ចេញដោយក្រសួងបរិស្ថាន ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់លាននាក់ក្នុងប្រទេស។

លោកអគ្គនាយករងបានបន្តទៀតថា៖ កម្មវិធីវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ធ្វើឲ្យប្អូនៗសិស្សានុសិស្សបញ្ចេញនូវសមត្ថភាពផ្ទាល់ខ្លួន ក្នុងការ ប្រកួតប្រជែងក្នុងវេទិកានេះ ហើយប្អូនៗចេះធ្វើការជាក្រុមឲ្យបានល្អក្នុងការបញ្ចេញមតិ យោបល់ ទឡ្ហីករណ៍ និងអំណះអំណាងផ្សេងៗដើម្បីទទួលបានពិន្ទុពីគណៈកម្មការ។ អ្វីៗដែលប្អូនទទួលបានក្នុងថ្ងៃនេះជាមោទនៈភាពសម្រាប់ខ្លួនឯង គ្រួសារ សម្រាប់ខេត្តរបស់យើង និងសម្រាប់សង្គមជាតិរបស់យើង «ប្អូនៗគឺជាទំពាំងស្នងឬស្សី»។ 

គួរបញ្ជាក់ថាវេទិកានេះមានការសិស្សានុសិស្សមកពីសាលាចំនួន៤គឺ៖ (១) វិទ្យាល័យចំណេះទូទៅបច្ចេក ទេសពួក (២) វិទ្យាល័យបាយ័ន (៣) វិទ្យាល័យ ហ៊ុន សែនប្រាសាទបាគង និង(៤)វិទ្យាល័យអង្គរ ហើយក្នុងគោលបំណង ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថានដល់យុវសិស្ស និងសាធារណជនសំដៅកសាងកម្ពុជាស្អាត  ដែលស្របទៅតាមយុទ្ឋសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។










Post a Comment

Previous Post Next Post