អតីតយុទ្ធជន និងគ្រួសារកងទ័ពជួបកាលំបាក បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត


   ━━━━━✥◈✥━━━━━

   ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង និងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាល និង ចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជន ពិការ ក្រីក្រ និងគ្រួសារកងទ័ពជួបការលំបាក នៅខេត្តកំពង់ឆ្នាំង ចំនួន ៦០នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ណារុន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នៃ ចារី អភិបាលរង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត  ឯកឧត្តម អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និង កងកម្លាំងទាំងបីប្រភេទ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកឡើងនូវ កាយវិការដ៏ថ្លៃថ្លារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត បានសបញ្ជាក់ឲ្យឃើញនូវគោលជំហរ និង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជន គ្រួសារកងទ័ព បើទោះបីជាកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញក្តី ក៏មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និង អាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ខ្លះធ្លាក់ឈឺ ខ្លះធ្លាក់ខ្លួនពិការ ខ្លះទៀតបានបាត់បង់ជីវិតរហូតប្រទេសជាតិទទួលបាននូវសេចក្តីសុខសាន្តត្រានមកទល់សព្វថ្ងៃនេះ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជន គ្រួសារយុទ្ធជន ដែលជួបការលំបាក នាពេលនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង បានទាន់ពេលវេលា ចុះជួយដល់បងប្អូនប្រជាពលរដ្ឋ អតីតយុទ្ធជន គ្រួសារយុទ្ធជន ជនពិការ ជនចាស់ជរាគ្មានទីពឹង ជាដើម។

ឯកឧុត្តម បានបន្តថា តម្លៃនៃសុខសន្តិភាព ដែលកើតមានឡើងដោយកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និង ប៉ិនប្រសព្វ របស់ប្រមុខរាជរដ្ឋាភិបាល អាចឲ្យយើងធ្វើកិច្ចការងារមនុស្សធម៌បានជាច្រើនដោយមិនត្រឹមតែកងកម្លាំងយោធពលខេមរភូមិន្ទទេ ក្នុងនោះអាចធ្វើកិច្ចការងារមនុស្សធម៌ជាច្រើនជូនដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ  ទាំងអស់នេះជាកត្តាសុខសន្តិភាពបានធ្វើឲ្យប្រទេសជាតិជាប្រទេសក្រីក្រ ប្រែក្លាយមកជាប្រទេសមួយដែលមានចំណូលជាមធ្យម និងមានការអភិវឌ្ឍនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យផងដែរ ។

នៅក្នុងពិធីឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានរៀបចំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត សម្រាប់ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និង គ្រួសារកងទ័ព ក្នុង១នាក់ ទទួលបាននូវអង្ក២៥គីឡូក្រាម មី១កេស មុង១ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ រួមនឹងថវិកាចំនួន១០ម៉ឺនរៀល និងមានដាក់ដាំកូនឈើនៅក្នុងទីបញ្ជាការផងដែរ ។

មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក្នុងនាមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងនាយ-ពលទាហាន និង អតីតយុទ្ធជនទូទាំង ខេត្តកំពង់ឆ្នាំង សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចដំណើរការ បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ទទួល បានលទ្ធផលល្អប្រសើរ និង ជោគជ័យ ១០០%។ 
















Post a Comment

Previous Post Next Post