គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា


   ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង ដឹកនាំដោយ លោកបណ្ឌិត Peter K N Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។ 

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ចំនួន២ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ តំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព បានបញ្ចប់ទៅដោយជោគជ័យ។ ក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ជូនទៅគណៈប្រតិភូដែលមានវត្តមាននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើបទបង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ គណៈប្រតិភូហុងកុង ក៏បានសម្តែងនូវការស្ញើចសរសើរចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រីក និងបង្កើនការវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ សំដៅលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងរឹតបន្តឹងកិច្ចសហការល្អក្នុងកម្រិតតំបន់អាស៊ានផងដែរ៕














Post a Comment

Previous Post Next Post