ប្រារព្ធខួបលើកទី ៦៦ នៃចំណងការទូត កម្ពុជា-ចិន ជាមួយពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង»

 


   ━━━━━✥◈✥━━━━━

   ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សហធិបតីជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង»។

«មហាវិថី ស៊ី ជីនពីង» ជាផ្លូវវាងក្រុងដ៏មានសារៈសំខាន់មួយខ្សែ ដែលមិនត្រឹមតែសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការជួយសម្រួលការធ្វើដំណើរវាងក្រុងបានឆាប់រហ័ស និងជួយបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុង។ ខ្សែផ្លូវនេះ មានភាពប្រទាក់គ្នាជាមួយបណ្តាខ្សែផ្លូវជាតិ ផ្លូវខេត្តសំខាន់ៗ ហើយនៅអនាគតក៏នឹងតភ្ជាប់ទៅ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតផងដែរ។ ការប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណរបស់កម្ពុជា ចំពោះមិត្តចិន ដែលតែងតែបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗ ជាពិសេស កិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

ក្នុងពិធីដ៏មានតម្លៃនាឱកាសនេះ ក៏មានការចែកអំណោយជានិមិត្តរូប ពិធីបើករបាំងស្បៃបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ការបង្ហោះប៉ោងៗ និងដាំដើមឈើ ដើម្បីជាការអបអរសាទរ ស្របទៅនិងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនផងដែរ។ 

មានប្រសាសន៍លើកឡើងក្នុងសុន្ទរកថា ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការកោតសរសើរអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ បន្ថែមពីនេះ ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នាថ្ងៃនេះត្រូវបានរៀបចំឡើងស្របនឹងខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយបានក្លាយជាទំនាក់ទំនងការទូតគម្រូផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើទំនាក់ទំនងទ្វេភាគីនេះ ហើយឯកឧត្តមរីករាយនឹងបន្តកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ និងផ្ដល់ផលប្រយោជន៍លើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះចូលរួមអបអរសាទរ និងស្វាគមន៍ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តផ្តល់កិច្ចសហការក្នុងការជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបន្តពង្រឹងចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួត និងខ្លាំងក្លាថែមទៀត។

កម្ពុជា និងចិនបានចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ហើយពិធីនាថ្ងៃនេះ គឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងបានក្លាយទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។

នៅក្នុងយុគសម័យថ្មីនេះ កម្ពុជា និងចិនបានអនុវត្តផែនការសកម្មភាពនៃការកសាង សហគមន៍វាសនារួមឆ្នាំ២០២៤-២០២៨ ក្រោមការដឹកនាំរបស់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសហប្រធានខាងភាគីកម្ពុជា និងឯកឧត្តម វ៉ាង យី (Wang Yi) ជាសហប្រធានខាងភាគីចិន។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យវឌ្ឍនភាពការងារលើវិស័យអាទិភាពមួយចំនួន ដើម្បី ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចឱ្យបាននូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

គិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗជាច្រើនត្រូវបានលេចចេញជារូបរាងឡើង ហើយបើនិយាយតែនៅក្នុងក្របខណ្ឌនៃការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាវិញ មិត្តចិនឈរជាប្រទេសលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើន។ ចំពោះវិស័យវិនិយោគវិញ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ចិនគឺជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ ស្មើនឹង៤២,៦៤% នៃទំហំវិនិយោគសរុប ដែលមានទុនវិនិយោគប្រមាណ ១ ៣៨៩ លានដុល្លារអាមេរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូដ៏សំខាន់មួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគស្មាញ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តស្នើសុំឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយជំរុញលើកទឹកចិត្តក្រុមហ៊ុនវិនិយោគចិនបន្ថែម ឱ្យបន្តទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមបណ្តាក់ទុន លើគម្រោងវិនិយោគធំៗនៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕



























Post a Comment

Previous Post Next Post