ពិធីប្រកាសឯកឧត្តម ម៉ាង ស៊ីណេត ចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ


   (ខេត្តព្រះសីហនុ)៖ នារសៀលថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះក៌មានវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបបនីយកម្មនិងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ប្រកាសតែងតាំង ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តព្រះសីហនុថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចម្រើន។  

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តដែលបានចូលរួមគ្រប់សកម្មភាព ក្នុងដំណើរការអភិវឌ្ឍន៍ខេត្តព្រះសីហនុកន្លងមក តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព កម្លាំងកាយចិត្ត និងបទពិសោធន៍ក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍន៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍នូវសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀត ក្នុងខេត្តព្រះសីហនុ៕

#សសុខា #SarSokha #កម្ពុជា #Cambodia














Post a Comment

Previous Post Next Post