ឯកឧត្តម ហេង សួរ អញ្ជើញផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី «ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញ» ជូនមន្ត្រីរាជការខេត្តកំពង់ឆ្នាំង


   (កំពង់ឆ្នាំង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។ 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយោបាយសំខាន់២ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ រួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្នុងគោលបំណងបង្កើតឱ្យពលរដ្ឋមានការងារសមរម្យនិងជីវភាពកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មានតែក្នុងអាណត្តិរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីប៉ុណ្ណោះដែលការផ្តល់របបសន្តិសុខសង្គមដែលមានទាំង៣របប គឺរបបថែទាំសុខភាព របបហានិភ័យការងារ និងរបបសោធននិវត្តត្រូវបានផ្តល់ជូនប្រជាពលរដ្ឋទាំងមន្ត្រីរាជការ និងពលរដ្ឋក្នុងវិស័យឯកជន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលនឹងទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែជាមួយនឹងភាពបត់បែននៃកាលវិភាគសិក្សាដែលមានចំនួនរហូតទៅដល់៧វេន ហើយរាជរដ្ឋាភិបាលធានាផ្តល់ការងារធ្វើដែលមានប្រាក់ឈ្នួលសមរម្យ។ 

ដើម្បីឱ្យកម្មវិធីទាំងពីរនេះជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ជំរុញការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងគ្រប់មុខសញ្ញាឱ្យបានយល់ពីកម្មវិធីរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងគោលបំណងបង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងកាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

#MLVT #HENGSour #TVET #បសស #NssfCambodia










Post a Comment

Previous Post Next Post