យុវជនសហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពតត្រូវអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតលើផ្នែកភាសា និងជំនាញវិជ្ជាជីវៈដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តនេះតាមរយៈវិស័យទេសចរណ៍


   ━━━━━✥◈✥━━━━━

   កំពត៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថាខេត្តកំពតត្រូវបានចាត់ទុកថាជាទិសដៅទេសចរណ៍ធំទីពីរ នៅប្រទេសកម្ពុជាបន្ទាប់ពីខេត្តសៀមរាបហើយក៏នឹងអាចក្លាយជាទិសដៅទេសចរណ៍ទីមួយនាពេលខាងមុខផងដែរ។ ក្នុងន័យនេះ យុវជនសហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ខេត្តកំពតត្រូវអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតលើផ្នែកភាសា និងជំនាញវិជ្ជាជីវៈដើម្បីរួមចំណែកផ្ដល់សេវាកម្មទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកកំសាន្តក្នុងខេត្តនេះកាន់តែច្រើន។

នេះបើតាមប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយសមាជិក ស.ស.យ.ក ខេត្តកំពតនាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលសន្និសីទបូកគោ ខេត្តកំពត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមតំណាងប្រធាន ស.ស.យ.ក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល ស.ស.យ.ក ខេត្តកំពតសំរេចបាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមប្រឹក្សាខេត្តក៏ដូចជាគណៈអភិបាលខេត្តកំពតដែលបានគាំទ្រដល់សកម្មភាពរបស់ ស.ស.យ.ក ខេត្តកំពតក្នុងការជួយដល់សង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថានេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ស.ស.យ.កនិងប្រទេសជាតិទាំងមូល ពីព្រោះកម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារភ្លើងសង្គ្រាមជាច្រើនដំណាក់កាល ជាហេតុនាំឱ្យមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនិងការសន្សំធនធានឱ្យបានល្អឡើយ ប៉ុន្តែចាប់ពីក្រោយឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាបណ្ដើរៗរហូតមកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានខិតខំប្រឹងប្រែងបន្តពីរាជរដ្ឋាភិបាលអាណត្តិមុន ក្នុងការកំណត់ទិសដៅយ៉ាងត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅមុខឈានទៅរកត្រើយសុភមង្គល ដូច្នេះជាឱកាសដ៏ប្រសើរសម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនិងសក្តានុពល ជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។

លើសពីនេះ ឯកឧត្តម សង្កេតឃើញថា បច្ចុប្បន្នអ្នកក្រុងកំពតមានភាពស៊ីវិល័យក្នុងការរស់នៅ មានជីវភាពល្អប្រសើរ មានកំរិតវប្បធម៌ខ្ពស់ ដែលនេះជាសញ្ញាតម្រង់ទិសទៅរកត្រើយសុភមង្គលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះក្នុងនាមជាស.ស.យ.ក យើងត្រូវគិតគូរថាតើត្រូវធ្វើយ៉ាងណាដើម្បីខ្លួនឯងនិងសង្គមជាតិនាពេលខាងមុខ។ យើងត្រូវរៀបចំតាក់តែងអនាគតដោយខ្លួនឯង ក្នុងនាមជាកោសិការបស់ខេត្តកំពត ជាកុលបុត្រ កុលធីតារបស់ខេត្តកំពត ដែលនឹងត្រូវរៀបចំកសាងអភិវឌ្ឍន៍ខេត្តកំពតដោយខ្លួនឯង។

ដោយឡែកចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ឯកឧត្តម យល់ឃើញថាការកសាងព្រែកជីកនេះគឺបង្ហាញអំពីឆន្ទៈដ៏មោះមុតរបស់កម្ពុជាដែលតំណាងដោយសម្តេចតេជោ ពេលវេលាបានមកដល់ហើយសម្រាប់យើងទាំងអស់គ្នារៀបចំស្រុកទេសឱ្យបានល្អ ដើម្បីយើងរស់នៅក្រោមស្មារតីឯករាជ្យម្ចាស់ការ មានន័យថាខ្លួនទីពឹងខ្លួនដោយមិនចាំបាច់ស្នើសុំយោបល់ពីអ្នកណាម្នាក់ឡើយក្នុងការកសាងអាយុជីវិតជាតិរបស់យើងឱ្យនៅរស់រានមានជីវិតជារៀងដរាប៕






Post a Comment

Previous Post Next Post