ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមអភិបាលរងខេត្ត និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពក្មួយស្រីទាំង៣ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងសហការី សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីអាណិតអាសូរ និងស្រណោះអាឡោះអាល័យជាទីបំផុតជាមួយគ្រួសារសពដែលបានបាត់បត់កូនស្រីជាទីស្រឡាញ់ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត សូមឧទ្ទិសបួងសួងនូវមហាកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធសពក្មួយស្រីទាំង៣ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះផងដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាំយកថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ឧបត្ថម្ភ១គ្រួសារ ៥លានរៀល។
សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម ករណីបាត់ក្មេងស្រីចំនួន៣នាក់ នាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៨ និង៥០នាទី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដល់ទីតាំងក្មេងស្រី៣នាក់លង់ទឹក ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចាត់ចែងកងកម្លាំងរាវរកសពក្មេងស្រីរងគ្រោះ តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨ និង ៣០នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន០៣នាក់ បានដើរចេញពីក្នុង បុរី រណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។
លុះដល់វេលម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង០៣នាក់នោះមករកហូបបាយដូចសព្វដងក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថា ក្មេងៗលង់ទឹកតែម្តង។