ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថាវិស័យឯកជនបានរួមចំណែកបំពេញនូវទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែមុខមាត់រាជធានីភ្នំពេញឱ្យក្លាយជាទីក្រុងទំនើប និងល្អត្រកាល។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីម (Royal Group Platinum) ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីម ដែលជាអគារដ៏ប្រណីតមួយនៅរាជធានីភ្នំពេញ និងត្រូវបានបើកសម្ពោធជាផ្លូវការនាពេលនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថានេះមិនគ្រាន់តែជាអគារមួយប៉ុណ្ណោះទេ ប៉ុន្តែជានិម្មិត្តរូបនៃការតស៊ូ និងការខិតខំប្រឹងប្រែងរបស់ស្ថាបនិកអគារ ហើយអគារនេះក៏ជានិម្មិត្តរូបនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី រួមទាំងប្រជាជាតិទាំងពីរផងដែរ។ ឯកឧត្តមបានស្នើសុំឱ្យប្រទេសសិង្ហបុរីបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា និងកម្ពុជាដែលជាទីផ្សារមួយដែលមានស្ថិរភាព និងជាសហគមន៍នៃអ្នកវិនិយោគដែលមានភាពជឿជាក់។
ឯកឧត្តមបានបន្តថា ថ្វីត្បិតតែកម្ពុជាគឺជាប្រទេសដែលងើបចេញផុតពីគំនរផេះផង់នៃសង្គ្រាម ប៉ុន្តែពេលនេះកម្ពុជាបានកសាងនិងអភិវឌ្ឍន៍ខ្លួនដូចបច្ចុប្បន្នគឺមិនមានប្រទេសច្រើននោះទេដែលទទួលបានជោគជ័យបែបនេះ ដែលនេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា។
ឯកឧត្តមពិនិត្យឃើញថាអគារខុនដូនេះគឺជាប្រភេទលំនៅឋានទំនើបដែលការវិវត្តនៃការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមានលក្ខណៈទំនើប ប្រណីត ល្អត្រកាលនិងសុវត្ថិភាព។ បច្ចុប្បន្នអ្វីដែលប្រជាជនចង់បាននោះ គឺមានលំនៅឋានរស់នៅមានការងារធ្វើ និងប្រាក់ចំណូល ដែលនេះគឺជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលរាជរដ្ឋាភិបាលចង់ឃើញនោះគឺទ្រនំសុភមង្គលរបស់ប្រជាពលរដ្ឋ មានន័យថាប្រជាពលរដ្ឋមានផ្ទះរស់នៅសមរម្យ មានម្ហូបអាហារសម្បូរបែបហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូល និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នាដែលទាំងនេះគឺជាទស្សនៈវិស័យដ៏វែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី។
លើសពីនេះ វិស័យឯកជនបានចូលរួមចំណែកបំពេញនូវទស្សនៈវិស័យនេះដូចជាការកសាងអគាររ៉ូយ៉ាល់គ្រុបផ្លាទីនីមនាពេលនេះ គឺជាចលករនៃការប្រែមុខមាត់រាជធានីភ្នំពេញឱ្យមានលក្ខណៈទំនើប និងល្អត្រកាល។ រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញរាជធានីភ្នំពេញនៅឆ្នាំ២០៥០ ក្លាយជាទីក្រុងដ៏ល្អត្រកាល ជាទីក្រុងដែលមនុស្សគ្រប់វ័យទាំងអស់អាចរស់នៅបានប្រកបដោយភាពសុខដុមរមនា៕