អរគុណសន្តិភាព ថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អញ្ជើញសួរសុខទុក្ខ និងពិនិត្យ សម្ភារសង្គ្រោះគ្រោះមហន្តរាយនៅបញ្ជាការដ្ឋានទ័ពពិសេស


   ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះ គ្រោះមហន្តរាយ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  នៅបញ្ជាការដ្ឋានទ័ពពិសេស ។

ថ្លែងនាឱកាស ចុះសួរសុខទុក្ខ និងត្រួតពិនិត្យសម្ភារសង្គ្រោះ គ្រោះមហន្តរាយ ឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង  និងជានាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងអំណរគុណចំពោះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងបានផ្តល់សម្ភារសង្រ្គោះដល់ បញ្ជាការដ្ឋានទ័ពពិសេសជារៀងរហូតមក។ឧត្តមសេនីយ៍ត្រី មួន សាម៉េត ក៏បានលើកឡើងពីសកម្មភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងការចូលរួមរបស់ស្ថាប័ន អង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសក្នុងពេលកន្លងមក។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ដែរថា ការជួយឧត្ថម្ភដល់ បញ្ជាការដ្ឋានទ័ពពិសេស នាពេលនេះគឺជាកាយវិការប្រកបដោយសប្បុរសធម៌  និងសម្ភារៈផ្សេងៗជាការចូលរួមចំណែក យ៉ាងសកម្មក្នុងការត្រៀមបង្ការ សង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបររធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពី ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ជូនដល់កម្លាំងសង្គ្រោះទាំងអស់។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស ទាំងអស់ដែលជានិច្ចជាកាលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្តក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយនាពេលកន្លងមក និងត្រៀមលក្ខណឱ្យបានល្អប្រសើរ ដើម្បីចូលរួមសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ៕









Post a Comment

Previous Post Next Post