កិច្ចប្រជុំឆ្លង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ ឆមាសទី១​ ឆ្នាំ២០២៤​ និងទិសដៅអនុវត្តការងារបន្ត​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​រាជធានី​ភ្នំពេញ


   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ឯកឧត្តមទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រូវបានចាត់ទុកជារបៀបវារៈមួយដ៏សំខាន់សម្រាប់ពិនិត្យតាមដានលើសកម្មភាពការងារចុះមូលដ្ឋានដែលក្រុមការងារបានអនុវត្តរួចរាល់នាពេលកន្លងមក ព្រមទាំងអាចឱ្យក្រុមការងារដាក់ចេញនូវទិសដៅការងារ និងសកម្មភាពនានាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយអាទិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាល ពិសេសក្នុងគោលដៅសំខាន់ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ 

ក្នុងកិច្ចប្រជុំនាឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្ដួចផ្ដើមឱ្យក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ សិក្សាលទ្ធភាពរៀបចំបង្កើត កម្មវិធីទីក្រុងឆ្លាតវៃសម្រាប់រាជធានីភ្នំពេញ (Mobile Application) ក្នុងគោលបំណងគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការផ្តល់ព័ត៌មាន និងអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋរាយការណ៍បញ្ហានានាដែលជួបប្រទះក្នុងទីក្រុង ជូនទៅអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា៕

















Post a Comment

Previous Post Next Post