ខេត្តស្វាយរៀង៖ នាថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង អមដំណើរដោយ លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកអភិបាល នៃគណៈអភិបាលស្រុកស្វាយទាប មេភូមិព្រៃតាយឹង បានអញ្ជើញសំណេះសំណាលជាមួយ អ្នកគ្រូ និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅសាលាមត្តេយ្យសហគមន៍ភូមិព្រៃតាយឹង ស្ថិតក្នុងភូមិព្រៃតាយឹង ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ផ្តាំផ្ញើដល់ អ្នកគ្រូ សូមជួយហាត់ពុតលត់ដំ ណែនាំ និងបង្ហាត់បង្រៀនដល់ក្មួយៗកុមារទាំងអស់ឱ្យមានចំណេះដឹង សីលធម៌ សុជីវធម៌ ទម្លាប់ល្អ ដើម្បីក្លាយជាសិស្សល្អ និងកូនល្អក្នុងសង្គមជាតិ។ បន្ថែមពីនោះ លោកជំទាវបណ្ឌិតសភាចារ្យ ណែនាំដល់ អ្នកគ្រូ និងក្មួយៗទាំងអស់ ត្រូវគិតគូរថែរក្សាសុខភាព អនាម័យឱ្យបានស្អាត សម្អាតបរិស្ថានជុំវិញបន្ទប់រៀន និងក្នុងថ្នាក់ឱ្យបានស្អាត និងមានសណ្តាប់ធ្នាប់ល្អ ជាពិសេសកុំលេងកន្លែងងងឹត ព្រោះរដូវភ្លៀងសម្បូរមូសខ្លាខាំបណ្តាលឱ្យមានជំងឺគ្រុនឈាម៕