ឯកឧត្តម ប៉ែន បូណា៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ


   ━━━━━✥◈✥━━━━━

   ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ បន្តពី សម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ។ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់។ នេះគឺជាហេតុផលដែលប្រជាពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំរាជរដ្ឋាភិបាលរហូតមក។ ដើម្បីសម្រេចគោលដៅនេះ ការដ្ឋានមួយក្នុងចំណោមការដ្ឋានដ៏សំខាន់បំផុតដែលមិនអាចមើលរំលងបានគឺការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយនិងប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ប្រសាសន៍បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាគណៈអធិបតីជាមួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវគណៈអភិបាលខេត្ត ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេបញ្ជាការនិងស្នងការនៃកងកម្លាំងប្រដាប់អាវុធខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុបជិត ៤០០នាក់។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានសំដែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប៉ែន បូណា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញធ្វើជាវាគ្មិនដោយផ្ទាល់ក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងការយល់ដឹងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ក្នុងការប្រមូលគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន និងនាំពាក្យឱ្យកាន់តែមានគុណវុឌ្ឍិ មានវិជ្ជាជីវៈ គុណភាព និង ប្រសិទ្ធភាពខ្ពស់ រួមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះដំណើការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានខំជំរុញការលើកទឹកចិត្ត ណែនាំដល់អ្នកនាំពាក្យនៅតាមបណ្តាអង្គភាពនានា ឱ្យចេះផ្សព្វផ្សាយព័ត៌មានពិត និងត្រូវបកស្រាយឱ្យបានច្បាស់ក្នុងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង ផ្សព្វផ្សាយព័ត៌មាន និងនាំពាក្យ កាន់តែប្រសើរឡើង។ ឯកឧត្តម បន្តថា ប្រសិនបើអាជ្ញាធររដ្ឋបាលថ្នាក់មូលដ្ឋាន ឃុំ/សង្កាត់ ក្រុង និងខេត្ត បានធ្វើសមិទ្ធផលច្រើន ប៉ុន្តែមិនបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានដឹងលឺនោះ គឺមានន័យថា យើងមិនបានធ្វើដូច្នោះដែរ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងកោតសរសើរដល់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានសហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល សំដៅធ្វើយ៉ាងណាការពារកុំឱ្យព័ត៌មានក្លែងក្លាយមករារាំងដំណើរឈានទៅសម្រេចក្តីសុបិនដ៏ធំបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ស្របតាមគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕

#ប្រភព #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg










Post a Comment

Previous Post Next Post