ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្វាគមន៍ការចូលរួមរបស់វិស័យឯកជន ដើម្បីកសាង និងអភិវឌ្ឍកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧


   ━━━━━✥◈✥━━━━━

   ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ( ក្រុម “ឌ”) ជាមួយផ្នែកឯកជន នាថ្ងៃទី២២ កក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្វាគមន៍វិស័យឯកជន ក្នុងការចូលរួមរាល់គំនិតទាំងអស់ ដើម្បីកសាង និងអភិវឌ្ឍកម្ពុជាឱ្យឆ្ពោះទៅមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្រៅពីច្បាប់ផ្សេងៗ ក្នុងនោះច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ត្រូវរៀបចំបន្ថែម ដើម្បីធ្វើឱ្យការបំពេញការងារទាំងវិស័យសាធារណៈ និងវិស័យឯកជន មានភាពងាយស្រួល ក្នុងគោលដៅធ្វើយ៉ាងណាធានាបាននូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺការធានាបាននូវនិរន្តរភាពចំណូល ប្រជាពលរដ្ឋមានការងារធ្វើ និងការរស់នៅប្រកបដោយសុភមង្គល និងសេចក្តីថ្លៃថ្នូរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។

ឯកឧត្តម បញ្ជាក់អំពីគោលបំណងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការធានាបាននូវភាពងាយស្រួលសម្រាប់ជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាផ្សេងៗតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន។ ដោយឡែកក្រៅពីការងារចុះបញ្ជីដីបង្ហើយ និងបញ្ចប់វិវាទដីធ្លីទូទាំងប្រទេស ក្រសួងក៏មានគោលដៅក្នុងការរៀបចំទីក្រុងឱ្យក្លាយជាទីកន្លែងដែលងាយស្រួលរស់នៅ ក្នុងនោះមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្ដល់សេវារួមមាន សេវាសង្គ្រោះបន្ទាន់ និងសេវាពន្លត់អគ្គីភ័យ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចំពោះការសាងសង់កម្ពស់លូ និងកម្ពស់ផ្ទះ ក្រសួងនឹងកំណត់នីវ៉ូឱ្យបានច្បាស់លាស់។ រីឯចំពោះបញ្ហានៅទីក្រុង ក្រសួងបានរៀបចំក្រុមការងារមួយ ដើម្បីកំណត់ពីប្រភេទ និងទំហំនៃបញ្ហា ដើម្បីងាយស្រួលដោះស្រាយ និងបញ្ជៀសសរាល់បញ្ហាដែលអាចកើតមានឡើងជាមួយប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូល មានលំនៅឋានរស់នៅសមរម្យក្នុងភូមិឋានក្សេមក្សាន្ត សុខសុវត្ថិភាព មានអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា រស់នៅមានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ និងរស់នៅប្រកបដោយមោទនភាពនៅលើទឹកដីរបស់ខ្លួន៕











Post a Comment

Previous Post Next Post