រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្តចុះសួរសុខទុក្ខនឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថាននៅខេត្តព្រៃវែង


   ព្រៃវែង​ ៖​ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ អញ្ជើញចុះសួរសុខទុក្ខ និង សំណះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តព្រៃវែង នារសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, សមិទ្ធផលជាច្រើន រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ថ្ងៃទី០១ កញ្ញា ដែលធ្វើឲ្យមានអ្នកចូលរួម ចំនួន៨,៨លាននាក់ ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា ស្អាត នៅថ្ងៃខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សមិទ្ធផលមួយចំនួនទៀត ដែលក្រសួងបរិស្ថានសម្រេច នាពេលកន្លងមក រួមមាន ការពង្រឹងការអនុវត្តច្បាប់១០០% ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ការដាក់ចេញយុទ្ធនាការផ្តល់កូនឈើចំនួន១លានដើម ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំ ចាប់ពីឆ្នាំ២០២៤នេះ ដែលក្នុងនោះពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមប្រធានបទ«ពន្លកបៃតង» គ្រោងនឹងរៀបចំឡើងនៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីបង្កើនគម្របព្រៃ ឲ្យបាន៦០% នៅឆ្នាំ២០៥០ ឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លើយតបយុទ្ធសាស្រ្តចក្រា ដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ការលើក ស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

នៅក្នុងទិសដៅបន្ត ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីផែនការសកម្មភាព ដែលអាចទាញយកឱកាស សម្រាប់កម្ពុជា ឈានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានគ្រប់ថ្នាក់ ជាពិសេសកិចសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ ដែលអាចធ្វើកិច្ចការបរិស្ថាន ជាមួយភាពស្អាត បៃតង និងចីរភាព របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕









Post a Comment

Previous Post Next Post