ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍នៃ គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីគាំទ្រ តាមដាន និងត្រួតពិនិត្យដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្នុងគោលបំណងពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាពដំណើការនៃការអនុវត្ដកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចការកំណែទម្រង់នេះ ព្រមទាំងកំណត់វិធានការជាក់លាក់នានាសម្រាប់គាំទ្រ តាមដាន និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍នៃ គ.ជ.អ.ប. បានគូសបញ្ជាក់ថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការគិតគូរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងសមស្របទៅនឹងស្ថានភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលកំពុងវិវឌ្ឍន៍កាន់តែស៊ីជម្រៅ ដែលចាំបាច់ត្រូវមានការជជែក ពិភាក្សា និងពិគ្រោះយោបល់ឱ្យបានទូលំទូលាយរវាងអ្នករៀបចំគោលនយោបាយដែលជាក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងអ្នកប្រតិបត្តិផ្ទាល់ដែលជាស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាឆ្លុះបញ្ចាំង និងវាយតម្លៃលើគោលនយោបាយ គោលការណ៍ និងលក្ខខណ្ឌនានាដែលបានដាក់ឱ្យអនុវត្តនាពេលកន្លងមកសម្រាប់ធ្វើជាមូលដ្ឋានកែលម្អឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។