ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ បានដាក់ចេញនូវទិសដៅក្នុងការកសាងរដ្ឋទំនើប ហើយក្រសួងបាននិងកំពុងធ្វើសកម្មភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យរបស់សម្ដេចធិបតី ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី០៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារច្រកចេញចូលតែមួយ និងលើវិស័យជំនាញរបស់ក្រសួង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បាននិងកំពុងកសាងរដ្ឋទំនើបប្រកបដោយភាពរឹងមាំ ឆ្លាតវៃ រស់រវើក និងច្នៃប្រឌិត ដោយមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយទាំង៦ និងវិធានគន្លឹះទាំង៥ ជាផែនទីឯកភាពនៃចក្ខុវិស័យដ៍វែងឆ្ងាយ ដើម្បីកម្ពុជា មានភាពម្ចាស់ការ រក្សាបានឯករាជ្យ ក្នុងនាមរដ្ឋអធិបតេយ្យ និងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសច្ចភាពប្រវត្តិសាស្ត្រ ដោយកម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើនដំណាក់កាលនូវការផ្លាស់ប្ដូររបបគ្រប់គ្រងតាមសម័យកាលនីមួយៗ រហូតមកដល់បច្ចុប្បន្ននេះ ហើយក្នុងនីតិកាលទី៧នេះ គឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលការផ្ទេរភារកិច្ចក្នុងការគ្រប់គ្រងរដ្ឋត្រូវបានធ្វើឡើងដោយរលូន។
ឯកឧត្តមថែ្លងថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ វិធានសំខាន់ៗចំនួន ៣ គឺ ធនធានមនុស្ស សមត្ថភាពស្ថាប័ន និងការលើកទឹកចិត្ត។ អ្វីដែលសម្ដេចធិបតីចង់បាន គឺការកសាងរដ្ឋទំនើប រៀបចំស្រុកទេសឱ្យបានល្អប្រសើរ ដើម្បីរក្សាអាយុជីវិតរបស់កម្ពុជា បន្តជំនាន់ទៅមុខទៀត ដោយត្រូវគិតគូរឱ្យចំទិសដៅ និងធ្វើឱ្យបានត្រឹមត្រូវឆ្ពោះទៅមុខ មិនត្រូវខ្ជះខ្ជាយពេលវេលា និងធនធាន ហើយមិនត្រូវត្រលប់ក្រោយឡើយ។
កិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុវត្តនាពេលនេះ គឺដើម្បីចូលរួមរៀបចំប្រទេសជាតិឆ្លើយតបទៅនឹងចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតី ដោយបន្តនិរន្តរភាពពីអាណត្តិមុន និងធ្វើដំណើរឆ្ពោះទៅមុខ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង កសាងពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ដោយគ្រប់គ្រងទាំងធនធានមនុស្ស ស្ថាប័ន និងហិរញ្ញវត្ថុសាធារណៈ និងបណ្ដុះមនសិការមន្ត្រីរាជការស៊ីវិល ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ចុះបញ្ជីដីធ្លីបង្ហើយ និង បញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស ៕