(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយ ឯកឧត្តម លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលបន្ទាយមានជ័យ ,ឯកឧត្តម ពុំ សុថា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកម៉ាឡៃ ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក លី សារឿន តំណាងក្រុមគ្រួសារឧកញ៉ា លី អ៊ុតនី អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការភូមិបឹង៧៥ តេជោឈ្នះឈ្នះ និងសែនក្រុងពលីបេីកការដ្ឋានសាងសង់ទីស្នាក់ការភូមិបឹង៧៥ តេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំង យុវជន និងប្រជាពលរដ្ឋសរុបប្រមាណ ជាង៤០០នាក់។
បន្ទាប់ពីរបាយការណ៍របស់លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានរំលឹកអំពីសាវតា និងដំណេីរការដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីរ៉ាំរ៉ៃតាមបែបឈ្នះឈ្នះ ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាព និងជាមរតកដ៏មានតម្លៃបំផុតរបស់សម្តេចតេជោ ហ៊ន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន បានបន្សល់ទុកជាបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ការអនុវត្តដោះស្រាយ។ ក្រោយពេលក្រុមការងារបានដោះស្រាយបញ្ចប់ជាស្ថាពរ ទីតាំងទំនាស់នេះក៏បានអភិវឌ្ឍប្រែក្លាយជាភូមិបឹង៧៥ តេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានសម្តែងការកោតសរសេីរដោយស្មោះចំពោះបងប្អូនក្នុងភូមិបឹង៧៥ តេជោឈ្នះឈ្នះ ដែលបានប្រែពីជម្លោះមកជាការស្រលាញ់រាប់អានគ្នា ជាមហាគ្រួសារខ្មែរក្រោមម្លប់សុខសន្តិភាព ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខលេីផ្លូវសន្តិភាព និងការអភិវឌ្ឍ៕