នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយដែលបានជួបឯកឧត្តម ឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយ ឯកឧត្តម ចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា ។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេល ឯកឧត្តមកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជិត៦ ឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងការខិតខំទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។
ឯកឧត្តម Wang Wentian បានលើកឡើងថា ឯកឧត្តម ពិតជាសោកស្តាយដែលត្រូវមកជម្រាបលា សម្តេច និងសូមថ្លែងអំណរគុណដែល សម្តេច ឆ្លៀតពេលដ៏មមាញឹកទទួលជួបឯកឧត្តមនៅថ្ងៃនេះ។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនសម្ដេចតេជោ។ ឯកឧត្តម ក៏បានសម្ដែងការអបអរសាទរ ចំពោះជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាខែកុម្ភៈកន្លងមក ដែលជាសក្ខីភាពនៃការទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បានសង្កត់បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ ឯកឧត្តម មានកិត្តិយសបំផុត ក្នុងជីវិតរបស់ឯកឧត្តម ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានផ្តល់ឱកាសឱ្យ ចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។ ឯកឧត្តមមានការពេញចិត្តបំផុតដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា ។ ឯកឧត្តម បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូនដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និង អបអរសាទរសម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម មានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។ ឯកឧត្តម ចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡដ្ឋានមរតតេជោ ... ។ល។ ជាលទ្ធផលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។
ឯកឧត្តម ក៏បានរំលឹកផងដែរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ចិន ជាមួយកម្ពុជា។ ឯកឧត្តម បានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។ ឯកឧត្តម បានលើកឡើងថា ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សនកិច្ចរបស់សម្តេច តេជោ នៅប្រទេសចិននាពេលខាងមុខ ។
ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះ ឯកឧត្តម Wang Wentian ដែលបានពាំនាំនូវការផ្ដើមផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង។ សម្តេច បានមានប្រសាសន៍ថា ការបែកគ្នា គឺជាពេលដែលពិបាក ក៏ប៉ុន្តែ គឺជាកាតព្វកិច្ចការទូតដែលចៀសមិនផុត។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេច បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ ។
ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងជំងឺនេះបានប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោ ក៏បានកោតសរសើរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។
ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យ ឯកឧត្តមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ ឯកឧត្តមឱ្យមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា ឯកឧត្តមនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ ៕