ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការរៀបចំក្រុងឱ្យមានសោភ័ណភាព មានខឿនសេដ្ឋកិច្ចរឹងមាំ មានជីវិត មានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានក្សេមក្សាន្តសម្រាប់ពលរដ្ឋគ្រប់រូប


   (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា យើងត្រូវរៀបចំក្រុងឱ្យមានសោភ័ណភាព មានលម្ហសាធារណៈសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដ៏ក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងវេទិកាជាតិលើកទី២ ស្តីពី “ទីក្រុង និងលំនៅឋាន” ក្រោមមូលបទ “ទីក្រុងឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន” នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមបានលើកឡើងថាកម្ពុជាបាននិងកំពុងបើកទំព័រសហសម័យថ្មីរបស់ខ្លួនក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ការជួបជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សាអំពីលទ្ធភាពក្នុងការអនុវត្តការងារជាក់ស្ដែង គិតគូរឱ្យចំគោលដៅ និងធ្វើឱ្យបានត្រឹមត្រូវឆ្ពោះទៅមុខ ដោយមិនអាចបកក្រោយ និងមិនអាចខ្ជះខ្ជាយពេលវេលានិងធនធាននោះឡើយ។

ឯកឧត្តមបន្តថា យើងត្រូវរៀបចំទីក្រុងដោយផ្អែកទៅតាមសក្តានុពលសេដ្ឋកិច្ចរបស់យើង ដូចជា តំបន់ឆ្នេរ តំបន់ភាគឦសាន រាជធានីភ្នំពេញ តំបន់ខាងជើងបឹងទន្លេសាប ដោយត្រូវពិនិត្យមើលថាតើសក្តានុពលនៃតំបន់នីមួយៗមានអ្វីខ្លះ រួចត្រូវគិតគូររៀបចំការអភិវឌ្ឍទីក្រុង និងលំនៅឋានស្របតាមសក្ដានុពលនៃតំបន់នីមួយៗ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ អាចប្រើប្រាស់បានយូរអង្វែង ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស លើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានបំណងចង់ប្រែក្លាយរាជធានីភ្នំពេញ ទីក្រុងកែប កំពត សៀមរាប និងក្រចេះ ជាទីក្រុងដែលមានភាពស្មើមុខស្មើមាត់ជាមួយទីក្រុងក្នុងតំបន់អាស៊ាន នាឆ្នាំ២០៥០ រួមទាំងផ្ដល់នូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងប្រទេស រស់នៅពោរពេញដោយមោទនភាព ក៏ដូចជាមានប្រជាជនក្នុងតំបន់ និងពិភពលោកចង់មករស់នៅក្នុងទីក្រុងនានានៃប្រទេសកម្ពុជា។

សូមបញ្ជាក់ថា វេទិកាជាតិលើកទី២ ស្ដីពីទីក្រុងនិងលំនៅឋាន ជាវេទិកាសម្រាប់កិច្ចសន្ទនាពហុភាគីដើម្បីពិភាក្សា និងឯកភាពគ្នាលើគោលនយោបាយអាទិភាពជាយុទ្ធសាស្ត្រ និងធ្វើអាទិភាពកម្មវិធីដែលប្រទាក់ក្រឡាគ្នាក្នុងគោលដៅឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងនិងលំនៅឋានប្រកបដោយភាពឆ្លាត បៃតង មានភាពធន់ និងបរិយាបន្ន។

វេទិកានេះ ក៏ជាឱកាសសម្រាប់ក្រសួង ជាពិសេសសម្រាប់វិស័យរៀបចំដែនដី នគរូបនីយកម្ម និងលំនៅឋាន ទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត សម្រាប់ធ្វើឱ្យប្រសើរឡើងការងារកសាងគោលនយោបាយ ឯកសារគតិយុត្ត និងអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព​៕








Post a Comment

Previous Post Next Post