ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល


   (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងកំណែទម្រង់មុខងារសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់សមត្ថភាពមន្ត្រី ការកសាងស្ថាប័ន និងការលើកទឹកចិត្តមន្ត្រី។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកគុណភាពបេតុង និងការងារពិសោធន៍សម្ភារៈសំណង់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមសង្ឃឹមថានឹងទទួលបានធាតុចូលបន្ថែមទៀតដែលអាចជួយជំរុញការអភិវឌ្ឍលើវិស័យសំណង់ ឱ្យកាន់តែមានភាពជឿជាក់ដល់អ្នកវិនិយោគ និងអ្នកប្រើប្រាស់សំណង់ ដោយផ្អែកលើការអនុវត្តតាមច្បាប់សំណង់ បទដ្ឋានគតិយុត្តនានា និងការធ្វើពិសោធន៍សម្រាប់បញ្ជាក់គុណភាព និងសុវត្ថិភាពសម្ភារៈសំណង់ បរិក្ខារសំណង់និងផលិតផលសំណង់ តាមរយៈការចាប់ដៃគ្នាលើកកម្ពស់ការពិសោធន៍ និងការសិក្សាស្រាវជ្រាវ។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ជាសិក្ខាសាលាលើកទី២ ដែលមន្ទីរពិសោធន៍ជាតិសំណង់ បានរៀបចំក្នុងគោលបំណងបង្ហាញនូវការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពិសោធន៍ជាតិសំណង់  បច្ចេកទេសពិសោធន៍ និងការគ្រប់គ្រងសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ដោយលើកយកប្រធានបទចំនួន ៣ មកបង្ហាញរួមមាន៖

១. ឧបករណ៍ពិសោធន៍ និងបច្ចេកទេសពិសោធន៍ ដោយបង្ហាញពីឧបករណ៍ពិសោធន៍ទំនើបៗរបស់ជប៉ុនដែលទើបតែដំឡើងរួចរាល់នៅក្នុងខែមេសាកន្លងទៅ។

២. ការលើកកម្ពស់គុណភាពបេតុងដោយបង្ហាញពីវិធីគ្រប់គ្រងបេតុង បច្ចេកទេសផលិតបេតុង និងការថែទាំបេតុង។ មន្ទីរពិសោធន៍ជាតិសំណង់ ក៏បានព្រាងសៀវភៅណែនាំបច្ចេកទេសលើកកម្ពស់គុណភាពបេតុងដែលគ្រោងនឹងដាក់ប្រជុំពិភាក្សាគ្នាក្នុងឆ្នាំ២០២៤ នេះ។

៣. បច្ចេកទេសជណ្ដើរយន្តដែលរៀបចំបង្ហាញដោយក្រុមហ៊ុន Koyo ពីលក្ខណៈបច្ចេកទេសនៃការដំឡើង ការប្រើប្រាស់ ការត្រួតពិនិត្យនិងការថែទាំ៕










Post a Comment

Previous Post Next Post