ឯកឧត្តម នេត្រ ភក្ត្រា៖ «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានទាន់ពេលវេលា មានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ


   «សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងអំឡុងពេលចុះពិនិត្យការងារផ្តល់សេវាសាធារណៈរបស់រដ្ឋបាល និងសាកសួរសុខទុក្ខបងប្អូនមន្ត្រីដែលកំពុងបម្រើការងារនៅសាលាស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។   

ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ និងមានចំនួនប្រជាជនជិត ៤ ម៉ឺននាក់រស់នៅ។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ទីតាំងរដ្ឋបាល «ស្រុកអូរគ្រៀងសែនជ័យ» ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។ រដ្ឋាភិបាលបានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ត្រូវអនុលោមតាមច្បាប់ស្តី ពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការបង្កើតស្រុកថ្មី «អូរគ្រៀងសែនជ័យ» បានធ្វើឱ្យខេត្តក្រចេះបច្ចុប្បន្ននេះមានក្រុងចំនួន ១ និងស្រុកចំនួន ៦។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងកោតសរសើរចំពោះមន្ត្រីនៃសាលាស្រុកទាំងអស់ដែលបានលះបង់ និងបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។ យោងតាមមន្ត្រីសាលាស្រុកអូរគ្រៀង សែនជ័យ ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋបានអញ្ជើញមករកសេវាសាធារណៈប្រមាណ ១០០នាក់។ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះបានលើកទឹកចិត្តដល់មន្ត្រីសាលាស្រុកបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ និងចូលរួមដោះស្រាយបញ្ហាដែលភូមិឃុំមានជាពិសេសសហការជាមួយភាគីពាក់ព័ន្ធដើម្បីរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីក្តាប់ឱ្យជាប់នូវបញ្ហាប្រឈមនានាដែលកើតមាន។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ រដ្ឋបាលស្រុក ភូមិឃុំសហការគ្នាពង្រឹងការអនុវត្តគោលនយោបាយជាតិឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសូលរួមទប់ស្កាត់លុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន  គ្រប់ប្រភេទ ព្រមទាំងជំរុញប្រជាពលរដ្ឋបញ្ជូនកូនៗឱ្យទៅសិក្សារៀនសូត្រឱ្យបានជ្រះជ្រៅ ព្រមទាំងចូលរួមក្នុងការការពារនិងអភិរក្សធនធាន​ធម្មជាតិដែលស្រុកអូរគ្រៀងសែនជ័យមានសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕​ #AKP







Post a Comment

Previous Post Next Post