កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានពិភាក្សាអំពីការចុះឈ្មោះ និងការផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមគោលដៅ «អ្នកសារព័ត៌មាន» ក្រោមក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន និងបានទទួលយកអនុសាសន៍ពាក់ព័ន្ធពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ជាពិសេស ការរៀបចំផែនការសកម្មភាពលម្អិត និងអាទិភាពសម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តឱ្យបានល្អប្រសើរ។
ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម បានបន្ថែមថា៖ “អ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមគោលដៅមួយ ក្នុងចំណោមក្រុមគោលដៅទាំង១៥ នៃយុទ្ធសាស្រ្តនេះ ហើយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបំណងសហការជាមួយក្រសួងព័ត៌មាន ដើម្បីចលនាការចុះឈ្មោះអ្នកសារព័ត៌មានឱ្យទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ រួមទាំងអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។”
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងស្វាគមន៍ និងសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ព្រមទាំងគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើអ្នកសារព័ត៌មាន និងបានកំណត់អាជីពសារព័ត៌មាននៅក្នុង វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង ១៥ នៅក្នុងយុទ្ធសាស្រ្តនេះ។ ឯកឧត្តមបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយរហូត មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានចេញនូវបណ្ណសារព័ត៌មានបានប្រមាណជាង ៦.៣០០ នាក់រួចហើយ។ ក្រសួងព័ត៌មានក៏នឹងរៀបចំការប្រមូលទិន្នន័យអ្នកសារព័ត៌មានដែលមានប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ( បសស ) ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាននឹងសហការបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញអ្នកសារព័ត៌មាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ ឱ្យចូលមកក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបងប្អូនអ្នកសារព័ត៌
មានទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយនានាដែលដាក់ចុះដោយរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដោយសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសអាទិភាពសម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន។
ឯកឧត្តម នេត្រ ភក្រ្តា