ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញក្រុមសិល្បៈសមាគមចលនាវប្បធម៍ជាតិ មកធ្វើការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។
របាំត្រុដិ គឺជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ និងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី ។
យោងតាមសៀវភៅ « របាំប្រជាប្រិយ ខ្មែរ » នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លើក ឡើងថា របាំត្រុដិដិ ជារបាំប្រជាប្រិយ មួយបែបដែលសព្វថ្ងៃនេះគេឃើញមាន នៅតែក្នុងខេត្តសៀមរាប ហើយជួនកាល គេឃើញនៅ ខេត្តបាត់ដំបងខ្លះដែរត្រង់ ភូមិភាគណាដែលនៅជាប់ នឹងខេត្តសៀមរាបនោះឯង ។ របាំត្រុដិ មានលេងតែ ក្នុង ពិធីបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះ ដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់អ្នកស្រុក ក្នុង ឱកាសចូលឆ្នាំថ្មី៕