សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន


   ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤នេះ បានបង្ហោះសារអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ដែលបាន បញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ និងអំពាវនាវឱ្យបន្តថែរក្សា នូវសុខដុមនីយកម្មជាតិសាសន៍។

បន្ថែមពីនេះ សម្តេចក៏បានអរគុណ បងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែ រក្សាសុខ សន្តិភាព ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល នៅគ្រប់ កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងការពារ ថែរក្សាបានយ៉ាងល្អ នូវសុខដុម នីយកម្មជាតិសាសន៍។

សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបាន បញ្ចប់នូវ ពិធីអំណត់បួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ ថ្ងៃ បុណ្យរ៉យ៉ាហ្វីតទ្រី នៅថ្ងៃពុធ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ២កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។

ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូន ម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែល ប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់គណ បក្ស ប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិ បាល នៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ និងការពារ ថែរក្សាបានយ៉ាងល្អ នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជាដែលបាន ស្វែងរកមក យ៉ាងលំបាក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភានីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំសូមបួងសួងសុំឱ្យបងប្អូនម៉ូស្លីមទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្ដីសប្បាយ មាន ភាព ចម្រុងចម្រើន ប្រកបដោយ សុភមង្គលគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ ៕







Post a Comment

Previous Post Next Post