ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា


   (ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបសម្ដែងការគួរសមជាមួយតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ជម្រាបថា្នក់ដឹកនាំក្រសួងអំពីសាវតា ទិសដៅ និងសកម្មភាពការងារ និងដំណើរការប្រព្រឹត្តទៅរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម និងបានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគវៀតណាមក្នុងការមកវិនិយោគនៅកម្ពុជា។

តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានស្នើសុំក្រសួងរៀបចំដែនដី ជួយសម្របសម្រួលចុះបញ្ជីដីជូនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមដែលបានវិនិយោគនៅកម្ពុជាឱ្យបានស្របច្បាប់ ហើយបានសន្យាណែនាំអ្នកវិនិយោគវៀតណាមឱ្យបន្តគិតគូរពីសុខមាលភាពរបស់កម្មករ ដើម្បីពង្រឹងការជឿជាក់មកលើអ្នកវិនិយោគវៀតណាម។

ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគោលនយោបាយចាស់ដដែលគឺ រក្សាមិត្តភាព ភាពជាអ្នកជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ។ វិនិយោគិនវៀតណាម គឺជាអ្នកវិនិយោគដែលគួរទុកឱ្យចិត្ត ហើយការវិនិយោគកន្លងមកបានផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងវៀតណាម ជាពិសេសផ្ដល់ការងារ និងប្រាក់ចំណូលជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តម បានលើកឡើងអំពីភាពខុសគ្នានៃគោលនយោបាយសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកាលពីអតីតកាល និងបច្ចុប្បន្ន ដែលកាលពីមុនយើងផ្ដោតទៅលើតែទឹក ភ្លើង ផ្លូវ ប៉ុន្តែបច្ចុប្បន្នយើងរួមបញ្ចូលការនាំចេញនៅនឹងកន្លែង និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ហើយកម្ពុជាបាននិងកំពុងរៀបចំការអភិវឌ្ឍសម្បទានដីសង្គមកិច្ចឱ្យក្លាយទៅជាបុរីជនបទ ដែលមានសាលារៀន មន្ទីរពេទ្យ មានការដាំដុះដំណាំ និងចិញ្ចឹមសត្វជាដើម។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នឹងផ្ដោតទៅលើការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។

គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៧ លានបណ្ណ ជូនប្រជាពលរដ្ឋ ហើយនៅសល់ប្រមាណជា ៥ លានក្បាលដីទៀត ដែលត្រូវចុះបញ្ជីឱ្យចប់ជាស្ថាពរនៅអំឡុង ២ ឆ្នាំខាងមុខនេះ៕




Post a Comment

Previous Post Next Post