ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញារួមគ្នាជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា ក្នុងទិសដៅការពារសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ។
ថ្លែងនាសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ បានអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឃើញប្រជាជនកម្ពុជាគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ មានបរិស្ថានល្អ ប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ឯកឧត្តម បានចាត់ទុកក្តីកង្វល់របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ជាក្តីកង្វល់របស់ក្រសួង។ ជាការឆ្លើយតប ក្រសួងបានអនុវត្តការងារជាច្រើនដើម្បីរក្សានិរន្តរភាពឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាក្នុងនោះមានលំនៅឋាន និងឧស្សាហកម្មសំណង់ ដែលជាវិស័យដ៏ធំ និងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ទន្ទឹមនេះ ក្រសួងក៏បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ខិតខំប្រឹងប្រែងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារតាមវិស័យជំនាញនីមួយៗឱ្យកាន់តែប្រសើរ ស្របតាមការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជា។
ឯកឧត្តម ស្នើឱ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដែលកំណត់អំពីគោលការណ៍ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដី និងអចលនវត្ថុ ដែលជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន៕