ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្តប្រមាណ៧៣០នាក់។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញនូវមោទនភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ ដែលបាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា សមិទ្ធផលទាំងនេះអាចសម្រេចទៅបានអាស្រ័យដោយកត្តាសំខាន់៣ យ៉ាងគឺ៖
*ទី១៖ កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់
*ទី២៖ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមានចក្ខុវិស័យឆន្ទៈ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេស មានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិតដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើ មូលដ្ឋានអភិក្រមបុរេសកម្ម និងសកម្មយោគយល់ អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន
*ទី៣៖ កត្តាចូលរួមរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ជាមួយក្រសួងមុខងារសាធារណៈ គឺជាលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដែលធានាឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន នាពេលកន្លងមក និងដែលត្រូវសម្រេចបន្ថែមទៀតនាពេលខាងមុខ៕