ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ


   ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក ក្រុមការងារជនបង្គោលរបស់ក្រសួងមុខងារសាធារណៈទទួលបន្ទុកការងាររាជរដ្ឋាភិបាលរាជធានី ខេត្ត ក្រុមការងារចល័តនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ក្រុមការងារលេខាធិការដ្ឋានខេត្ត ក្រុង ស្រុក សរុបសមាសភាពចូលរួមប្រមាណ ១២០នាក់។

ក្នុងមតិស្វាគមន៍ និងតម្រង់ទិសឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ និងមានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអាជ្ញាមូលដ្ឋានគ្រប់ៗរូបដែលបានរៀបចំសង្រា្កន្តឆ្នាំថ្មី ដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាល ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការបំពេញ ការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងទិសដៅការងារ សម្រាប់ត្រីមាសបន្ទាប់។ ឯកឧត្តមអភិបាល ក៏បានលើកឡើងថា “តាមរយៈលទ្ធផលដែលសម្រេចបាន គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវជាក្រុមការងារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តកម្មវិធីជាតិ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំសមាសភាពក្រុមការងារចុះ មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការផ្សារភ្ជាប់ ទំនាក់ទំនង និងឆ្លើយតបសំណើ សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗទៀតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដល់ ការលើកស្ទួយជីវភាពរស់នៅ គុណភាពជីវិតរបស់ប្រជាពលរដ្ឋ សហគមន៍នៅមូលដ្ឋាន និងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម”។

ក្រោយស្តាប់របាយកាណ៍របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំកិច្ចពិភាក្សា ដោយមានការចូលរួមមតិយោបល់យ៉ាងផុសផុល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងារទាំងអស់ថា ស្ថិតក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល សូមក្រុមការបន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ និងការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសនានាដល់យុវជនតាមបណ្តាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន។

គួររំលឹកថា បើគិតពីថ្ងៃប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងការប្រកាសក្រុម ការងារចុះមូលដ្ឋានក្រុង ស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មក គឺមានរយៈពេលប្រមាណ៤ខែហើយ ដែលក្នុងថ្ងៃនេះអាចចាត់ទុកថាជាកិច្ចប្រជុំដំបូងរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។


















Post a Comment

Previous Post Next Post