ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យលើរបាយការណ៍ សិក្សាពីស្ថានភាពផ្លាកសញ្ញាចរាចរណ៍ តាមបណ្តោយផ្លូវជាតិ ដោយផ្អែកលេីរបាយការណ៍សិក្សាបឋម លេីផ្លូវជាតិលេខ១ លេខ៦ និងលេខ៦១ ដោយអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះ មានការចូលរួមពិភាក្សាពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពីអគ្គនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សា ដើម្បីវាយតម្លៃ ឈានទៅអនុវត្តសាកល្បងលើផ្លូវ ជាតិលេខ១ លេខ៦ និងលេខ៦១ ដោយផ្អែកលើទិន្នន័យផ្លាកសញ្ញាចរាចរណ៍ដែលត្រូវបានប្រមូល ជាពិសេសផ្លាកសញ្ញាកំណត់ល្បឿន ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងតម្រូវតាមកំណើនចរាចរណ៍បច្ចុប្បន្ន។
អង្គប្រជុំទាំងមូល បានពិភាក្សាយ៉ាងផុលផុស ដោយផ្តល់ធាតុចូល មតិយោបល់បន្ថែម សំដៅឱ្យបានការអនុវត្តឱ្យមានប្រសិទ្ធភាព និងមាននិរត្តភាពយូរអង្វែង ចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំណេញពេលវេលាក្នុងការធ្វើដំណើរ និងលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ផ្លូវសាធារណៈ។
ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវរៀបចំបទដ្ឋានបច្ចេកទេស និងផែនការសកម្មភាព ក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីសិក្សាវាយតម្លៃលម្អិត សម្រាប់គ្រប់ប្រភេទខ្សែផ្លូវ លើការផ្លាស់ប្តូរបន្ថែមផ្លាកសញ្ញាចរាចរណ៍ បំពាក់បរិក្ខារសញ្ញាចរាចរណ៍ គូសគំនូសចរាចរណ៍ បំពាក់ចំណាំងផ្លាតតាមទីប្រជុំជនបន្ថែម ជាពិសេសតំបន់សាលារៀនដែលមានចរាចរណ៍មមាញឹក ព្រមទាំងពិនិត្យលទ្ធភាពកែសម្រួលទីតាំងផ្លូវកោងដើម្បីកាត់បន្ថយគ្រោះថ្នាក់ មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេចដាក់ឱ្យអនុវត្ត។