ក្លិបបាល់ទាត់វ័យចាស់ប៉េងហ៊ួត បង្កើតការប្រកួតបាល់ទាត់រដូវកាលថ្មី និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ


   ភ្នំពេញ៖ ក្លិបបាល់ទាត់វ័យចាស់ប៉េងហ៊ួត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាប្រធានក្លិប បានបង្កើតប្រកួតបាល់ទាត់រដូវកាលថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ បុរីប៉េងហ៊ួត បឹងស្នោ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងជំនួបបើករដូវកាលថ្មីនៃក្រុមបាល់ទាត់វ័យចាស់ប៉េងហ៊ួត ដែលមានកីឡាករបាល់ទាត់វ័យចាស់ចាប់ពី១៩៦០.១៩៧០.និង១៩៨០នេះ។ ការប្រកួតបានបែងចែកជាពីរក្រុម គឺក្រុមឯកសណ្ឋានព័ណ៌ស្វាយ និងក្រុមឯកសណ្ឋានព័ណ៌ប្រផេះ ។ ជាលទ្ធផលការប្រកួត៩០នាទីបញ្ចប់ដោយគ្រប់បាល់ ៥ទល់២ ក្រុមវ័យចាស់ឯកសណ្ឋានព័ណ៌ស្វាយជាក្រុមដែលទទួលបានជ័យជម្នះ។

លោក សោម សារ៉ន អតីតកីឡាករបាល់ទាត់ក្រុមជម្រើសជាតិ ជាសមាជិកក្លិបបាល់ទាត់វ័យចាស់ប៉េងហ៊ួតអាយុ៧២ឆ្នាំ បានគូសបញ្ជាក់ថា ការប្រកួតបាល់ទាត់ដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គឺជាគំនិតផ្តួចផ្តើម របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ដែលជាប្រធានក្លិប ដើម្បីបើករដូវកាលថ្មី និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើង។

អតីតកីឡាករជម្រើសជាតិបាល់ទាល់រូបនេះ បានអះអាងថា ការបង្កើតព្រឹត្តិការណ៍បាល់ទាត់វ័យចាស់នេះឡើង បានបង្កលក្ខណៈឲ្យអតីតកីឡាករបាល់ទាត់ចាស់ៗបានជួបជុំគ្នា លេងកីឡាបាល់ទាត់លឹកអនុស្សារវីយ៍ ហើយ វាក៏បានចូលរួមលើកកម្ពស់ដល់សុខភាពផងដែរ ។

គួររំលឹកថា ក្លិបបាល់ទាត់វ័យចាស់ប៉េងហួត បានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងគោលបំណងបង្កើតការជួបជុំកីឡាករបាល់ទាត់វ័យចាស់ ប្រកួតដើម្បីសប្បាយរីករាយ និងផ្តល់ជូនសុខភាព ។ជាទូទៅកីឡាករបាល់ទាត់ក្លិបវ័យចាស់ប៉េងហួតនេះ តែងតែធ្វើការប្រកួតជារៀងរាល់ខែ ដោយបានណាត់ជួបក្រុមវ័យចាស់នានា ប្រកួតដើម្បីរិតចំណងមិត្តភាព និងសាមគ្គីភាពផងដែរ ៕






Post a Comment

Previous Post Next Post