ខេត្តពោធិ៍សាត់៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃអង្គារ៏ទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៏កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិសាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់។
ចំពោះគោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ឃុំ និង ១៤ចំណុចធំៗ ក្នុងនោះ ទី១នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)។ ទី២នៅឃុំអន្លង់រាប(ចំណុចជើងភ្នំ១៥០០ និងចំណុច៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចជើងភ្នំខ្មោច ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចដីសហគមន៏ក្រាំងរងៀង ឃុំអន្លង់រាប/ចំណុចអូរ១ អូរ២ ចំណុចក្បាលស្ទឹងទួលល្ងៀង ភូមិអូរដីខ្មៅ ឃុំអន្លង់រាប។ ទី៣នៅឃុំក្រពើពីរ(ចំណុចច្រកចង្អៀត ភូមិក្រពើពីរលើ ឃុំក្រពើពីរ ព្រំប្រទល់ស្រុកវាលវែង និងស្រុកសំឡូត ខេត្តបាត់ដំបង/ចំណុចជើងភ្នំប្រើសដល់ទឹកធ្លាក់ថ្មចាំង ភូមិក្រពើពីរលើ ឃុំក្រពើពីរ/ចំណុចភ្នំតាងិល នៅចំណុចប្រសព្វរវាងភូមិអូរតាទិន ភូមិសំឡាញ និងភូមិកុំប៉ង ឃុំក្រពើពីរ/ចំណុចស្រែយក្ស ភូមិកុំប៉ង ឃុំក្រពើពីរ/ចំណុចខ្នងភ្នំព្រះអាទិត្យ ភូមិបឹងរំលេច ឃុំក្រពើពីរ ព្រំប្រទល់ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ និងទី៤នៅឃុំប្រម៉ោយ(ចំណុចអូរទី២ ចំណុចជើងភ្នំសុគន្ធ ចំណុចអូរតាសូ ចំណុចអូរក្បាលខ្ទីង និងចំណុចអូរបេង ឃុំប្រម៉ោយ(ជាចំណុចប្រសព្វ៤ភូមិ : ភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ និងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ)/ចំណុចខាងមុខ និងខាងក្រោយភ្នំលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ/ចំណុចម៉ុងរី ភូមិដូងឃ្លៀង ឃុំប្រម៉ោយ ព្រំប្រទល់ជាមួយស្រុកភ្នំក្រវ៉ាញ។
បេសកកម្មនេះមានរយះពេលមួយខែ និងបន្តដូចភ្លៀងរលឹមនៅក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ សំដៅធានាឲ្យបាននូវនិរន្តរភាពប្រព័ន្ធអេកូឡូសុី ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប។ និងដើម្បីទប់ស្កាត់ និងធ្វើការបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តពោធិសាត់ ជាពិសេសស្រុកវាលវែង។ ទន្ទឹមនឹងនោះកម្លាំងជំនាញកងរាជអាវុធហត្ថ នឹងធ្វើការអង្កេត ស្រាវជ្រាវរកជនដែលប្រព្រឹត្តិបទល្មើស និងជនដែលមានការពាក់ពន្ធ័នឹងសកម្មភាពកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ដើម្បីចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាងដែលទាក់ទងជាមួយបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ និងដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការស្របតាមនីតិវិធីនៃច្បាប់ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា។