ទីស្តីការក្រសួង៖ នារសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំក្រុមការងារចំពោះកិច្ចក្រសួង ជួបប្រជុំបឋមបន្ទាន់តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ដើម្បីពិភាក្សាលើករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាញឹកញាប់នៅតាមផ្លូវរថភ្លើងទាំងពីរខ្សែ ដែលកំពុងស្ថិតក្រោមការកិច្ចសន្យាគ្រប់គ្រង និងប្រតិបត្តិការរបស់ ក្រុមហ៊ុន រ៉ូយាល់ រ៉ែលវេ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានផ្លូវដែក។
អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុលផុស ជុំវិញការងារចាត់វិធានការបឋមបន្ទាន់ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងជំរុញការបំពាក់ឧបករណ៍សុវត្ថិភាពនៅតាមទីតាំងចំណុចប្រសព្វ រវាងផ្លូវដែក និងផ្លូវថ្នល់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ឱ្យកាន់តែមានប្រសិទ្ធភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវដែក។
ជុំវិញករណីឧបទ្ទវហេតុនៅលើផ្លូវដែក រវាងខ្សែរថភ្លើង និងរថយន្តក្រុង នៅត្រង់ចំណុចឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើហេតុការគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដែលបណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមចូលរួមសោកស្តាយចំពោះបងប្អូនជនរងគ្រោះ និងសូមជូនពរបងប្អូន ឱ្យឆាប់បានធូរស្រាល និងឆាប់បានជាសះស្បើយក្នុងរយៈពេលដ៏ខ្លី។ មួយវិញទៀត សូមគោរពថ្លែងអំណរគុណ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកគ្រូ អ្នកគ្រូពេទ្យគ្រប់រូប អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុផ្ទាល់ ដែលបានខ្នះខ្នែងជួយអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះឱ្យបានទាន់ពេលវេលា៕