ព្រះវិហារ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម មានប្រសាសន៍ថា អង្គភាពកងពលធំអន្តរាគមន៍លេខ៣ និងសហការីទាំងអស់ គឺជាសសរស្ដម្ភដ៏រឹងមាំ នៅក្នុងវិស័យការពារជាតិ ប្រកបដោយគុណធម៌ ។ជាអង្គភាពគំរូ ក្នុងម្លប់សន្តិភាព ។
ភាពរស់រវើកនិងស្មោះត្រង់ របស់កងពលធំលេខ៣ ព្រមទាំងសហការី បានរួមចំណែកអភិវឌ្ឍកម្ពុជានាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យសេចក្តីថ្លៃថ្នូរ ។គ្រប់កាលៈទេសៈតែងតែការពារនូវបូរណភាពទឹកដី និងរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម។
ប្រសាសន៍របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានលើកឡើងកាលពីព្រឹកថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយយោធិន នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានរាយការណ៍ ជូនគណៈប្រតិភូ អំពីស្ថានភាពទូទៅ នៅតាមបន្ទាត់ព្រំដែន កម្ពុជា- ថៃ -ឡាវ បច្ចុប្បន្ន មានស្ថានភាពស្ងប់ស្ងាត់ ជាធម្មតា ពុំមានអ្វី ប្រែប្រួលគួរឲ្យកត់សម្គាល់ ។ចំណែកនាយទាហាន និងពលទាហាន គឺមានការទំនាក់ទំនង គ្នាទៅវិញទៅមកជាធម្មតា ជាមួយប្រទេសជិតខាងផងដែរ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយយោធិន នាឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ព្រមទាំងប្រតិភូ បាននាំយកនៅសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្តល់ជូននាយហាន និងពលទាហាន ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕