ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកមេធាវី Chales Gastle និងភរិយា ដែលជាស្ថាបនិកមូលនិធិអប់រំច្បាប់កម្ពុជាដើម្បីស្រ្តី (Cambodian Legal Education for Women - CLEW) ជួបសម្តែងការគួរសម និងពិភាក្សាការងារ


   នារសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកមេធាវី Chales Gastle និងភរិយា ដែលជាស្ថាបនិកមូលនិធិអប់រំច្បាប់កម្ពុជាដើម្បីស្រ្តី (Cambodian Legal Education for Women - CLEW) និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោកមេធាវី Chales Gastle បានជម្រាបឯកឧត្តមប្រធានអំពី CLEW ដែលជាមូលនិធិមានមូលដ្ឋាននៅប្រទេសកាណាដា បង្កើតឡើងក្នុងបេសកកម្មជួយនិស្សិតជាស្រ្តីដែលមានជីវភាពខ្វះខាតនៅកម្ពុជាឱ្យទទួលបានការអប់រំផ្នែកច្បាប់។ លោកមេធាវីបានបន្តថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ CLEW បានជួយនិស្សិតច្បាប់ជាស្រ្តីប្រមាណ១០០នាក់ ហើយក្នុងនោះមាន ៦ នាក់ បានប្រឡងជាប់ចូលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី រហូតបានក្លាយជាមេធាវី។ លោកមេធាវី Chales Gastle សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈមេធាវី និងឯកឧត្តមប្រធានដែលធានាសុក្រឹត្យភាពនូវការប្រឡងប្រជែងសមត្ថភាពនេះ។ លោកមេធាវី Chales Gastle ក៏បានស្នើសុំអនុសាសន៍ពីឯកឧត្តមលើលទ្ធភាព ឬឱកាសដើម្បីនិស្សិតជាស្រ្តីដែលគាំទ្រដោយ CLEW អាចសិក្សាត្រៀមដើម្បីប្រឡងចូលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងធ្វើកម្មសិក្សានៅតាមការិយាល័យវិជ្ជាជីវៈ និងនៅគណៈមេធាវីជាដើម។

ឯកឧត្តមប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅនូវគំនិតផ្តួចផ្តើមរបស់មូលនិធិ CLEW ក្នុងការជួយនិស្សិតជាស្រ្តីនៅកម្ពុជាដែលមានជីវភាពខ្វះខាតទទួលបានឱកាសសិក្សាច្បាប់ ហើយនិស្សិតមួយចំនួនក៏បានក្លាយជាមេធាវី ដែលសបញ្ជាក់អំពីការខិតខំប្រឹងប្រែងនិងសមត្ថភាពរបស់ពួកគេ ក្នុងការប្រកួតប្រជែងជាមួយនិស្សិតច្បាប់ជាច្រើនរយនាក់ក្នុងការប្រឡងចូលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ ឯកឧត្តមប្រធានបានបន្តថា ការប្រឡងចូលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គឺផ្តោតសំខាន់លើសមត្ថភាពរបស់បេក្ខជនជាចម្បង ដោយពុំមានគោលការណ៍កំណត់អាទិភាពយេនឌ័រណាមួយនោះទេ។ ឯកឧត្តមប្រធានបានជម្រាបអំពីនីតិវិធី និងមុខវិជ្ជាក្នុងការប្រឡង និងមធ្យោបាយដើម្បីត្រៀមប្រឡងមួយចំនួន រួមមានការសិក្សាលើសំណួរប្រឡងមុនៗជាដើម។ ចំណែកការធ្វើកម្មសិក្សានៅតាមការិយាល័យវិជ្ជាជីវៈ និងនៅគណៈមេធាវី ឯកឧត្តមប្រធានស្វាគមន៍នូវរាល់សំណើនានា ហើយគណៈមេធាវីនឹងសិក្សាលទ្ធភាពដើម្បីសម្របសម្រួលជូនផងដែរ។ 

លោកមេធាវី Chales Gastle បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន ដែលបានឆ្លៀតពេលពីការបំពេញការងារដ៏មមាញឹកក្នុងការជួបជាមួយលោកមេធាវី ព្រមទាំងសហការី។ ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរជូនចំពោះលោកមេធាវី Chales Gastle និងភរិយា ព្រមទាំងសហការីដែលបានជួយនិស្សិតស្រ្តីកម្ពុជាដែលមានជីវភាពលំបាកឱ្យទទួលបានឱកាសសិក្សាច្បាប់ប្រកបដោយគុណភាពនិងរហូតបានក្លាយជាមេធាវីផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬  JOIN
















Post a Comment

Previous Post Next Post