សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក​ការ​ដ្ឋាន​សាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)


   ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០​២៤​ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក​ការ​ដ្ឋាន​សាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាប្រភេទ​ស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ស្ពានបេតុងភ្លោះនេះ មានទទឹងប្រវែងសរុប ២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ម៉ែត្រ ត្រូវអ៊ុតបេតុងកៅស៊ូ AC ផ្ទៃខាងលើកម្រាស់ ១០សង់ទីម៉ែត្រ ហើយមានគម្លាតពីគ្នា កន្លះ​ម៉ែត្រ។ ស្ពាននីមួយៗ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លង ប្រវែង ៧ម៉ែត្រ គន្លងផ្លូវ​សម្រាប់​ទោចក្រយានមានចំនួន ១គន្លង ប្រវែង ២,៥ម៉ែត្រ ផ្លូវថ្មើរជើងមានចំនួន ១គន្លង ប្រវែង ២ម៉ែត្រ បង្កាន់ដៃស្ពានសងខាងសរុបប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែង កន្លះម៉ែត្រ និងមានទំហំឆ្លង​កាត់​សម្រាប់នាវាចរផ្នែកខាងក្រោមស្ពាន ៩០ម៉ែត្រ x ១១,៥ម៉ែត្រ។

ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅ​មហា​វិថី​សំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹងត្រូវស្ថាបនាទៅ​តាម​លក្ខណៈ​បច្ចេកទេស ក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង ៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើត មានប្រវែង ៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុត​កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ។​ គម្រោងនេះក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពាន​ទាំង​សងខាងចំនួន ៤កំណាត់ ប្រវែងសរុប ១,៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការ​ស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន និងការរៀបចំបំពាក់​ស្លាក​សញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នេះ ជាប្រភេទស្ពានដែលអនុញ្ញាតឱ្យរថយន្តបើកឆ្លងកាត់ចំនួន ២ ខ្សែទៅ ២ ខ្សែមក។

នៅថ្ងៃនេះ សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញពិនិត្យលទ្ធភាពជាមួយវិស័យឯកជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាងណាអាចឱ្យពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១តែម្ដង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីបន្តថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។​ តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាអាទិភាពទីពីរដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិ បន្ទាប់ពីមនុស្ស។ សម្តេចបន្តថា គម្រោងសាងសង់ស្ពានពីផ្សារចាស់ទៅអរិយក្សត្រ និងស្ពានដែលធំជាងគេនៅខេត្តក្រចេះ ពេលនេះកំពុងសិក្សាដើម្បីឈានទៅធ្វើការសាងសង់នាពេលខាងមុខ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបង្កើនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោយសារមានកំណើនប្រជាជន និងសេដ្ឋកិច្ចជាតិ រីកចម្រើន ដែលទាមទារឱ្យមានការពង្រីកការសាងសង់បន្ថែម។

សម្តេចធិបតីបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គិតទាំងប្រជាពលរដ្ឋរស់នៅអចិន្រ្ដៃយ៍ និងប្រជាពលរដ្ឋមកប្រកបការងារពីបណ្ដាខេត្តសរុបមានជាង ៣ លាននាក់ ដូច្នេះការដោះស្រាយបញ្ហាចរាចរណ៍គឺត្រូវគិតគូរមិនអាចរងចាំបានទេ។ បញ្ហាចរាចរណ៍នេះ ត្រូវបានគិតគូរតាំងពីអាណត្តិមុនដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះមិនត្រូវរងចាំទៀតទេគឺត្រូវការដោះស្រាយបញ្ហនេះតាមរយៈការបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសាធារណៈ, ការបើកផ្លូវក្រវាត់ក្រុង និងមធ្យោបាយក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើអាកាស)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កន្លងមកនេះ មិត្តចិនបានជួយសាងសង់ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ ស្ពានរួចហើយ។​ ចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ,...) នៅកម្ពុជា។

នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យត្រៀមមធ្យោបាយដឹកជញ្ជូន និងទឹកសុទ្ធ សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរនាពេលខាងមុខ។

នៅថ្ងៃនេះផងដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និង​កិត្តិយស​កម្ពុជា តាមរយៈការផលិតវីដេអូចាប់ជំរិត និងវីដេអូប្រឌិតជាច្រើនទៀត ដូច្នេះមិនអាចឱ្យមានការអន្តរាគមន៍ជាដាច់ខាត។ សម្ដេចធិបតីក៏បានព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។​ សម្ដេចធិបតី ក៏បានព្រមានដល់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជាមួយជីវិតថែមទៀត។

នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យបន្តការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសករណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។​ សម្ដេចស្នើឱ្យប្រជាពលរដ្ឋស្វ័យម្ចាស់ការលើការបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន។ សម្ដេចធិបតីបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើនជាងអ្នកស្លាប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។​ សម្ដេចធិបតីបានស្នើដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។​ សម្ដេចធិបតី បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោកដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃស្រក់ទឹកភ្នែក ដោយសារការបើកបរមិនគោរពច្បាប់។

មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុចប៊ូតុង បើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ចាប់ពីពេលនេះតទៅ៕


























Post a Comment

Previous Post Next Post