រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ


   ភ្នំពេញ៖ ការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ឯកឧត្តម សាយ សំអាល់ ថ្លែងនាកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នារសៀលថ្ងៃទី៧ កុម្ភៈ ២០២៤ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។

ក្នុងរយៈពេល ៣ ខែមកនេះ ក្រសួងបានបន្តប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ព្រមទាំងបំពាក់សម្ភារៈបន្ថែមនៅតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីសម្រេចកិច្ចការវាស់វែងដីធ្លីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ទន្ទឹមនេះ ក្រសួងបានរៀបចំដំឡើង data center សម្រាប់ផ្ទុកទិន្នន័យដែលត្រូវបញ្ជូនពីតាមខេត្តនានា និងរៀបចំជាប្រព័ន្ធ Server ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ទិន្នន័យទាំងនេះនឹងត្រូវផ្ទុកនៅ ៤ កន្លែងផ្សេងៗគ្នា ដើម្បីរក្សាការពារកុំឱ្យបាត់បង់ ព្រមទាំងបម្រើសេវាសាធារណៈប្រកបដោយគុណភាព ទទួលបានការជឿទុកចិត្ត។

ឯកឧត្តម សាយ សំអាល់ ថ្លែងថាបញ្ហាទំនាស់ដីធ្លីបានថយចុះច្រើន ដោយសារផ្នែកច្បាប់មានការរីកចម្រើន ការយល់ដឹងរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាងមុន និងដោយសារការចូលរួមចំណែកយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម បន្ថែមថា ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ ទទួលបាននូវការស្វាគមន៍ និងសាទរជាច្រើនពីប្រជាពលរដ្ឋ។ ការណ៍នេះបានបង្កើតឱ្យមានចលករ នយោបាយ ឬឃោសនិក ជាច្រើនចូលរួមផ្សព្វផ្សាយតាមបណ្ដាញសង្គម ហើយនេះគឺជាជោគជ័យដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។

មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណ ជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណ ដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់៕





Post a Comment

Previous Post Next Post