សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកាមនៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ៤ឃុំ នៅស្នាក់ការគណបក្សស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស សូមកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទូទាំងស្រុកស្វាយទាប ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក គណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោត សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សូមចូលរួមក្នុងយុទ្ធនាការឃោសនា ឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ៕