ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ដាំ ដារីនី សមាជិកគណកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកសិល្បៈនិងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ ផ្នែកសិល្បៈនិងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា និងក្រុមជំនួយការផ្នែកសិល្បៈ
និងកីឡា ។
ក្នុងកិច្ចចាប់ផ្តេីមលោកជំទាវបណ្ឌិត ដាំ ដារីនី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមជំនួយការផ្នែកសិល្បៈ និងកីឡាទាំងអស់ និងបានកោតសរសេីរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារនាពេលកន្លងមក។
លោកជំទាវបណ្ឌិត បានលេីកឡេីងបន្ថែមទៀតថាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវបំផុត សិល្បៈ នៃការចែករំលែក គោលនយោបាយជាយុទ្ធសាស្រ្ត គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ការសាមគ្គីផ្ទៃក្នុងគណបក្ស និងទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។ ក្នុងនោះផ្នែកសិល្បៈនិងកីឡាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមអនុវត្តការងារយ៉ាងសកម្មក្នុងបុព្វហេតុកសាងកម្លាំងយុវជនក្នុងជួរសិល្បៈករ សិល្បៈការិនី គ្រប់ទម្រង់ និងកីឡាករ កឡាការិនី លើកកម្ពស់ស្មារតីក្នុងការចូលរួម មានភាពជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្ស។
លោកជំទាវបណ្ឌិត ដាំ ដារីនី បានផ្តាំផ្ញេីរដល់សមាជិកសមាជិកាត្រូវចូលរួមអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់លើការពង្រឹង និងពង្រីករចនាសម្ព័ន្ធ កសាងសមាជិកគណបក្ស ហេីយនៅពេលខាងមុខមានការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខត្រូវចូលរួមក្នុងការពង្រឹងយន្តការរបស់គណបក្ស លុបបំបាត់នូវព័ត៌មានអវិជ្ជមាន និងព័ត៌មានប្រឆាំងនានាអោយបានដាច់ខាត។