គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី នឹងធ្វើឱ្យអ្នកភ្នំពេញ មានមោទកភាពប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ រាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា”


   ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការសិក្សាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ និងទាក់ទាញការវិនិយោគ ពោលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅកាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ហើយធ្វើឱ្យពិភពលោកទទួលស្គាល់ថាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាប្រជាពលរដ្ឋមានភ័ព្វសំណាងបានរស់នៅក្នុងរាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងនាកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តមបន្តថា ការកែប្រែមុខមាត់ថ្មីនៃរាជធានីភ្នំពេញ ត្រូវរក្សាឱ្យបាននូវគុណតម្លៃរបស់រាជធានីភ្នំពេញ ដោយក្នុងនោះត្រូវរក្សាមរតកចាស់ និងបន្ដបង្កើនមរតកថ្មីនាពេលអនាគតសម្រាប់អ្នកជំនាន់ក្រោយ។

ការកែប្រែមុខមាត់ថ្មីនេះ នឹងទាមទារឱ្យមានកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងទាំងពីរនឹងត្រូវសហការគ្នាក្នុងការសិក្សាផ្នែកច្បាប់លើសំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោម និងរៀបចំកំណត់ស្តង់ដាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ជាមួយគ្នានេះ កត្តាសំខាន់ដែលត្រូវរួមគ្នាពិភាក្សានោះ គឺការកែលម្អសំណង់ចាស់ និងការកសាងសំណង់ថ្មី ដើម្បីតម្រូវទៅតាមការវិវត្តនៃសង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តស្តង់ដាតាមវិស័យជំនាញទាំងពីរ ដើម្បីជំរុញឱ្យគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែប្រែមុខមាត់ថ្មីនៃរាជធានីភ្នំពេញលេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ ធ្វើឱ្យភ្នំពេញក្លាយជារាជធានីដែលមានភាពទាក់ទាញប្រកបដោយមោទកភាព៕




Post a Comment

Previous Post Next Post