គម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្រេចបានជាង៨០ភាគរយហើយ


   ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤ វឌ្ឍនភាពនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចបានប្រមាណ ៨០,៦ភាគរយ។ នេះបើយោងតាមការបញ្ជាក់របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ កុម្ភៈនេះ។

ក្រសួងធនធានទឹក បានអះអាងថា៖«គិតមកដល់ថ្ងៃនេះវឌ្ឍនភាពនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់សម្រេចបានប្រមាណ ៨០,៦ភាគរយ ដោយឡែកការងារស្តារប្រឡាយព្រែកហូរប្រវែង ៧,២០០ម៉ែត្រ ដែលក្នុងនោះមានការងាររៀបថ្មប្រវែង ៣៥០០ម៉ែត្រ និងការងារចាក់បេតុងប្រវែង ៣,៧០០ម៉ែត្រ ជាលទ្ធផលសម្រេចបានការងារចាក់បេតុងប្រឡាយបានប្រវែង ៥០០ម៉ែត្រ»។ គម្រោងស្តារស្ទឹងព្រែកត្នោតផ្នែកខាងក្រោមមានការងារសំខាន់ៗដូចជា៖ ទី១ស្តារស្ទឹងនិងពង្រឹងទំនប់សណ្ដ ទី២សាងសង់និងជួសជុលប្រឡាយ និងទី៣សាងសង់សំណង់តាមស្ទឹងឬប្រឡាយ។

ក្រសួងបានបញ្ជាក់បន្ថែមថា ក្រោយពេលការងារសាងសង់រួច ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោតដែលតែងយាយីដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីបាន ២៤៤គីឡូម៉ែត្រក្រឡា ព្រមទាំងបង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០,១៥០ហិកតា នៅរដូវប្រាំង និង ១៧,៧៣០ហិកតា នៅរដូវវស្សា និងបានរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ ៕







Post a Comment

Previous Post Next Post