នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។
ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកជំទាវបញ្ចប់អណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា ។ ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានជម្រាបជូន សម្តេចធិបតី ផងដែរអំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញនិងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។ ដោយឡែក ចំពោះ វិស័យទេសចរណ៍ សម្ដេចធិបតី សង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia