ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យ ជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់ វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច ។
តាមរយះសារជាសំឡេង នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍ដូច្នេះថា ប៉ុន្មានបីសប្ដាហ៍មកនេះ ខ្ញ៉ំបានចេញបទបញ្ជាឲ្យផ្អាករាល់ការ ចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិក្នុងការបើកទីតាំងល្បែងផ្សង សំណា ងបន្ថែមនៅតាម មូលដ្ឋាន ។
សម្តេចធិបតី បញ្ជាក់ថា “ខ្ញុំបានឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការគ្រប់គ្រង ល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស “។
សម្តេចបានបន្តថា “ខ្ញុំសូមឲ្យឯកឧត្តមលោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានីខេត្តចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីថែមទៀតសូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ ការដកអាជ្ញាប័ណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង “។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ពេលវេលានេះ នឹងបន្តទៅមុខ គឺជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ភ្លើង ប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្មទៅតាមមូលដ្ឋាន ការបង្កើតរោងចក្រសហគ្រាសនៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសូមអោយឯកឧត្តមលោកជំទាវ អនុវត្តកិច្ចការងារនេះឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ជា ។ សម្តេច បានបញ្ជាក់ថា យើងត្រូវការវិន័យក្នុងការដឹកនាំរដ្ឋ ហើយត្រូវធ្វើការឲ្យបានលឿន និងរាយការណ៍មកខ្ញុំជាបន្ទាន់ទៅលើកិច្ចការងារនេះ ៕