ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនរាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានមានប្រសាសន៍នៅមីន្ទីញបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ថា សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោតមានចំនួន៨៩៩រូប នារី៤៤រូប ក្នុងនោះ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជាមានចំនួន៧៤៣រូប ។ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានសតិអារម្មណ៍នឹងនរ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំនិងបានប្តេជ្ញាចិត្តទៅបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃអាទិត្យទី២៥ខែគុម្ភៈឆ្នាំ២០២៤ខាងមុខនេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០កុម្ភៈដល់ថ្ងៃ១៤កុម្ភៈ ដែលជាឱកាសអោយបេក្ខជនបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់បក្ស ឈានទៅទទួលជ័យជំនៈនៅថ្ងៃទី២៥កុម្ភៈខាងមុខនេះ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បន្តថារាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ។
គួរបញ្ជាក់ថា មីន្ទីញបើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ហើយក្រោយបញ្ចប់ បានប្រកាសហែក្បួនយុទ្ធនាការឃោសនានេះទៅតាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន៕