កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា បន្ទាប់ពីមានបទបញ្ជាពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបិទល្បែងផ្សងសំណាង រដ្ឋបាលខេត្តកំពង់ចាម បានបិទល្បែងឆ្នោតផ្សងសំណាងចំនួន ៤០៦ទីតាំង។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោកអភិបាលខេត្ត បានបន្តថា៖ នៅពេលដែលទទួលបានបទបញ្ជាចុងក្រោយ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការបិទទីតាំងល្បែងផ្សងសំណាងបាន ២២៤ទីតាំង នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ និងនៅថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលខេត្តបានបន្តបិទបានចំនួន ១៨២ទីតាំងទៀត សរុបទាំងអស់៤០៦ទីតាំង ត្រូវបានបិទក្នុងនោះមានទីតាំងមួយចំនួន បានស្ម័គ្រចិត្តបិទដោយខ្លួនឯងផងដែ។
ទន្ទឹមនឹងលទ្ធផល នៃប្រតិបត្តិការខាងលើនោះ អភិបាលខេត្តកំពង់ចាម បានណែនាំគណៈអភិបាលក្រុងស្រុក ឱ្យតាមដានមើលជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួនលើបញ្ហានេះ និងត្រូវធ្វើបច្ចុប្បន្នភាពមួយខែម្ដង ដើម្បីគ្រប់គ្រងបញ្ហាល្បែងស៊ីសងនេះនូវទីតាំងដែលបានបិទ និងទីតាំងដែលបានបើកថ្មី។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គណៈអភិបាលក្រុង ស្រុកទាំងអស់ ជួយតាមដានស្ថានភាពទឹក ដើម្បីស្រោចស្របដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេស ដូចជា៖ ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ សូមតាមដានជាប្រចាំប្រសិនបើមានបញ្ហា សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីមានវិធានការអន្តរាគមន៍ទាន់ពេលវេលា៕